
កងកម្លាំងអាកាសអ៊ុយក្រែន បានរាយការណ៍ នៅពីថ្ងៃទី ១ ខែធ្នូនេះ ថា កងកម្លាំងអ៊ុយក្រែន បានបាញ់ទម្លាក់យានដ្រូនវាយប្រហារ Shahed ចំនួន ១៨គ្រឿង ក្នុងចំណោមយានដ្រូន ២៥គ្រឿង និងមីស៊ីមួយគ្រាប់ក្នុងចំណោមមីស៊ីល Cruise Kh-59 ចំនួនពីរគ្រាប់ដែលរុស្ស៊ីបានបាញ់បង្ហោះនៅពេលយប់។
របាយាការណ៍នោះ បានឲ្យដឹងថា យានដ្រូនទាំងនោះ ត្រូវគេរាយការណ៍ថា បានបាញ់បង្ហោះពីជាយក្រុង Cape Chauda ក្នុងតំបន់គ្រីម៉េគ្រប់គ្រងដោយរុស្ស៊ី និងពីទីក្រុងកំពង់ផែ Primorsko-Akhtarsk ក្នុងតំបន់ Krasnodar Krai របស់រុស្ស៊ី។ ចំណែកមីស៊ីលទាំងនោះ ត្រូវបានបាញ់ចេញពីយន្តហោះដែលហោះពីលើតំបន់ Kherson។
កងទ័ពអាកាស បាននិយាយថា ទិសដៅសំខាន់នៃការវាយប្រហារ គឺភាគខាងត្បូង និងខាងកើតរបស់អ៊ុយក្រែន។ ការការពារដែនអាកាស ត្រូវបានគេរាយការណ៍ថា មានសកម្មភាពនៅក្នុងតំបន់ Mykolaiv, Kherson, Zaporizhzhia និង Dnipropetrovsk។
កងកម្លាំងរុស្ស៊ី បានបើកការវាយប្រហារដោយយានដ្រូនដែលមានទ្រង់ទ្រាយប្រហាក់ប្រហែលគ្នា កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ដោយវាយប្រហារអ៊ុយក្រែនជាមួយនឹងយានដ្រូនចំនួន ២១គ្រឿង ដែលពួកវាទាំងអស់ ត្រូវបានបាញ់ទម្លាក់។
មន្ត្រីអ៊ុយក្រែន បានព្រមានថា រុស្ស៊ីទំនងជានឹងបង្កើនការវាយប្រហារតាមអាកាសរបស់ខ្លួនប្រឆាំងនឹងគោលដៅជនស៊ីវិល ខណៈដែលរដូវរងា កំពុងឈានចូលមកដល់។