
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ដែលបានមកធ្វើទស្សនកិច្ច កាលពីថ្ងៃព្រហស្បតិ៍ ជំរុញឱ្យអ៊ីស្រាអែល បង្កើតតំបន់សុវត្ថិភាពសម្រាប់ជនស៊ីវិលប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា មុនពេលប្រទេសនេះបន្តប្រតិបត្តិការយោធាទ្រង់ទ្រាយធំៗ នៅក្នុងដែនដីគ្រប់គ្រងដោយក្រុមហាម៉ាស។
ថ្លែងនៅថ្ងៃទី៧នៃការផ្អាកប្រយុទ្ធគ្នារវាងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន លោក Blinken បានអំពាវនាវឱ្យមានការបន្ថែមពេលបន្ថែមទៀតនៃបទឈប់បាញ់ ដែលរួមមានទាំងការដោះដូរចំណាប់ថ្នូរនិងអ្នកទោស ព្រមទាំងការដឹកជញ្ជូនជំនួយទៅកាន់តំបន់ហ្កាហ្សា ដែលត្រូវបានហ៊ុមព័ទ្ធ។
លោកបានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុង Tel Aviv នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែល និងតំបន់កាន់កាប់ West Bank ថា ច្បាស់ណាស់ យើងចង់ឃើញដំណើរការនេះបន្តទៅមុខ។ យើងចង់បានថ្ងៃទីប្រាំបីនិងហួសពីនេះតទៅទៀត។
អ៊ីស្រាអែល បានប្តេជ្ញាកម្ទេចក្រុមហាម៉ាស់ និងបានចេញយុទ្ធនាការយោធាតាមដែនអាកាស និងដីគោក ដែលរដ្ឋាភិបាលក្រុមហាម៉ាស់និយាយថា បានសម្លាប់មនុស្សជាង ១៥.០០០ នាក់នៅតំបន់ហ្កាហ្សា ដែលភាគច្រើនជាជនស៊ីវិល។
លោក Blinken បានប្រាប់អ្នកសារព័ត៌មានថា អ៊ីស្រាអែល ត្រូវតែដាក់ចេញនូវផែនការការពារជនស៊ីវិលមនុស្សធម៌ ដែលកាត់បន្ថយការស្លាប់ និងរបួសបន្ថែមទៀត ទៅលើពលរដ្ឋប៉ាឡេស្ទីនស្លូតត្រង់។