
របាយការណ៍ប្រចាំឆ្នាំ២០២២របស់ទីភ្នាក់ងារការពារអឺរ៉ុប(EDA)ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា បានឲ្យដឹងថា ការចំណាយលើវិស័យការពារជាតិរបស់អឺរ៉ុប បានកើនឡើង ៦ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ដល់កំណត់ត្រាមួយ គឺ២៤០ពាន់លានអឺរ៉ូ ( ២៦២ ពាន់លានដុល្លារ) ក្នុងឆ្នាំ ២០២២ ដែលជាកំណើនរយៈពេល ៨ឆ្នាំ ជាប់ៗគ្នា។
រដ្ឋចំនួន២០នៃសមាជិកសហភាពអឺរ៉ុបទាំង ២៧ បានបង្កើនការចំណាយលើវិស័យការពារជាតិ ខណៈដែលរដ្ឋចំនួន ៦ បានបង្កើនការចំណាយច្រើនជាង ១០ភាគរយ។
កំណើនខ្ពស់បំផុតក្នុងការចំណាយលើវិស័យការពារជាតិ ក្នុងចំណោមប្រទេសទាំង ២៧របស់សហភាពអឺរ៉ុប ក្នុងឆ្នាំ ២០២២ រួមមានប្រទេសស៊ុយអែត (+៣០,១ភាគរយ) លុចសំបួ (+២៧,៩ភាគរយ) លីទុយអានី (+២៧,៦ភាគរយ) អេស្ប៉ាញ (+១៩,៣ភាគរយ) បែលហ្ស៊ិក (+១៤,៨ ភាគរយ) និង ប្រទេស ក្រិក (+១៣,៣ភាគរយ) ។
លោក ចូសិប បូរ៉ែល (Josep Borrell) អ្នកតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស សន្តិសុខ និងគោលនយោបាយការពារជាតិ និងជាប្រធាន EDA បាននិយាយថា៖ «កងកម្លាំងប្រដាប់អាវុធរបស់យើង ត្រូវតែត្រៀមខ្លួនសម្រាប់យុគសម័យ ដែលមានតម្រូវការកាន់តែច្រើនឡើង» ។