
តុលាការ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អគ្គរដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) លោក Karim Khan កំពុងបំពេញទស្សនកិច្ចនៅអ៊ីស្រាអែលតាមសំណើរបស់អ្នករស់រានមានជីវិតអ៊ីស្រាអែល និងក្រុមគ្រួសារជនរងគ្រោះនៃការវាយប្រហាររបស់ក្រុមហាម៉ាសពីតំបន់ហ្កាហ្សាកាលពីថ្ងៃទី៧ ខែតុលា។
តុលាការ ICC បាននិយាយថា លោក Khan ក៏នឹងទៅទស្សនកិច្ចទីក្រុង Ramallah នៅតំបន់វេសបែង ដែលគ្រប់គ្រងដោយអ៊ីស្រាអែល ដើម្បីជួបជាមួយមន្ត្រីជាន់ខ្ពស់ប៉ាឡេស្ទីន។
តុលាការ ICC បាននិយាយទៀតថា ដំណើរទស្សនកិច្ចនេះ នឹងមិនមែនជាការស៊ើបអង្កេតទេ ដោយបន្ថែមថា វាគឺជា «ឱកាស (មួយ) ដើម្បីសម្តែងការអាណិតអាសូរចំពោះជនរងគ្រោះទាំងអស់ និងចូលរួមក្នុងការសន្ទនា។
កាលពីខែមុន គ្រួសារជនជាតិអ៊ីស្រាអែលនៃជនរងគ្រោះពីការវាយប្រហាររបស់ក្រុមហាម៉ាស បានអំពាវនាវទៅ ICC ដើម្បីបញ្ជាឲ្យមានការស៊ើបអង្កេតលើការសម្លាប់ និងចាប់ពង្រត់ទាំងនោះ។
ក្រុមគ្រួសារទាំងនោះ បានជំរុញឲ្យលោកKhan ផ្តោតលើការស៊ើបអង្កេតរបស់លោកលើសកម្មភាព កាលពីថ្ងៃទី៧ ខែតុលា របស់ក្រុមហាម៉ាស នៅអ៊ីស្រាអែលភាគខាងត្បូង រួមទាំងការបាត់ខ្លួនដោយបង្ខំ ដែលតុលាការចាត់ទុកថា ជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។