វ៉ូវីណាម៖ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានទទួលការអនុញ្ញាតពីសហព័ន្ធកីឡាវ៉ូវីណាមពិភពលោក ក្នុងការរៀបចំការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍នាខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីវាស់ស្ទង់សមត្ថភាពរបស់កីឡាករ-កីឡាការិនី ក៏ដូចជាធនធានមន្ត្រីបច្ចេកទេសសម្រាប់ត្រៀមស៊ីហ្គេមលើកទី៣២ នៅកម្ពុជា ដែលគ្រោងប្រកួតនាខែឧសភា ឆ្នាំ២០២៣។

ឯកឧត្ដម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានចាត់ទុកការរៀបចំការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នេះគឺជាការប្រកួត Pre-SEA Games ដ៏សំខាន់សម្រាប់កីឡាវ៉ូវីណាមកម្ពុជា ក្នុងការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ហើយសហព័ន្ធនឹងដាក់វិញ្ញាសាស៊ីហ្គេមទាំងអស់ ក្នុងការប្រកួតកម្រិតតំបន់នេះ ដើម្បីវាស់ស្ទង់សមត្ថភាពកីឡាករ-កីឡាការិនី រួមទាំងមន្ត្រីអាជ្ញាកណ្ដាល-ចៅក្រមផង ដើម្បីដឹងពីកម្រិតសមត្ថភាពឆ្ពោះទៅសម្រេចផែនការ ដណ្ដើមមេដាយមាសយ៉ាងហោច ៩គ្រឿងជូនជាតិក្នុងស៊ីហ្គេមឆ្នាំ២០២៣។
យ៉ាងណាមិញមុនឈានដល់ការធ្វើម្ចាស់ផ្ទះជើងឯកអាស៊ីអាគ្នេយ៍ ពិសេសស៊ីហ្គេមឆ្នាំ២០២៣ ថ្នាក់ដឹកនាំសហព័ន្ធកីឡាវ៉ូវីណាមក្នុងអាណត្តិទី៤ ដែលដឹកនាំដោយឯកឧត្ដម អ៊ូ រតនា បានធ្វើការប្ដេជ្ញាចិត្តខ្ពស់ក្នុងការអភិវឌ្ឍ និងផលិតនូវធនធានកីឡាករ-កីឡាការិនីប្រកបដោយគុណភាព និងសក្ដានុពលសម្រាប់ត្រៀមការប្រកួតអន្តរជាតិនានា ពិសេសលុបបំបាត់តួឯកក្នុងក្រុមជម្រើសជាតិ ដោយជំនួសមកវិញនូវធនធានកីឡាករ-កីឡាការិនីឆ្នើម និងមានឆន្ទៈខ្ពស់ដើម្បីឆ្ពោះទៅសម្រេចគោលដៅស៊ីហ្គេម ជាប្រវត្តិសាស្ត្រនៅកម្ពុជាឲ្យខានតែបាន៕
អត្ថបទ៖ លី ឈុនឡា