ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាបានអះអាងថា កម្ពុជានៅតែប្តេជ្ញាចិត្តជានិច្ចក្នុងការចូលរួមសកម្មថែមទៀត ដើម្បីបុព្វហេតុសន្តិភាពក្នុងពិភពលោក ដោយកម្ពុជាជំរុញបង្កើនការចូលរួមកងទ័ពមួកខៀវរបស់ខ្លួន ទៅកាន់បណ្តាប្រទេសនៅលើពិភពលោក ដោយគ្មានការអល់អែក បន្ទាប់ពីមានសំណូមពររបស់អង្គការសហប្រជាជាតិនោះ។
ថ្លែងនៅក្នុងឱកាសចូលរួមពិធីបិទវគ្គហ្វឹកហ្វឺនគម្រោងត្រីភាគី«កម្ពុជា UN កូរ៉េ»ស្តីពីការប្រើប្រាស់ គ្រឿងចក្រវិស្វកម្មធុនធ្ងន់ ក្នុងប្រតិបត្តិការរក្សាសន្តិភាព នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា កម្ពុជាបានប្តេជ្ញាចិត្តខ្ពស់ បន្តរួមចំណែកខិតខំប្រឹងប្រែងអនុវត្តតាមកំណែទម្រង់ប្រតិបត្តិការសន្តិភាពតាមរយៈពង្រឹងសមត្ថភាព ជំនាញវិជ្ជាជីវៈ ធ្វើការហ្វឹកហ្វឺនមុន ចល័ត តាមការកែទម្រង់ថ្មីរបស់អង្គការសហប្រជាជាតិ ដោយផ្តោតសំខាន់លើការការពារជនស៊ីវិល ការ ទប់ស្កាត់អំពើហឹង្សានិងការជួញដូរផ្លូវភេទ បង្កើនទំនាក់ទំនងជាមួយបណ្តាប្រទេសដែលបរិច្ចាគកងកម្លាំង ក្នុងតំបន់បេសកកម្ម ដើម្បីសម្រេចបាននូវគោលដៅរួម គឺសន្តិសុខ និងសន្តិភាពជាដើម។
នាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្រ្តី បានលើកឡើងទៀតថា ទោះបីកម្ពុជាទទួលបានជោគជ័យឆ្លងកាត់មេរៀន និងមានបទពិសោធន៍ជាច្រើនលើវិស័យរក្សាសន្តិភាពក៏ពិនមែន ប៉ុន្តែកម្ពុជានៅតែបន្តខិតខំសិក្សាឈ្វេងយល់ និងពង្រឹងសមត្ថភាពបន្ថែមទៀត ព្រោះថានៅក្នុងបរិបទបច្ចុប្បន្ន ស្ថានភាពពិភពលោកនឹងបន្តប្រែប្រួលយ៉ាងជ្រាលជ្រៅ ស្មុគស្មាញឆាប់រហ័ស និងពិបាកស្មាន។ មួយវិញទៀត បេសកកម្ម ទាំងនេះសុទ្ធតែជាការងារប្រកបដោយគ្រោះថ្នាក់ខ្ពស់ ហើយកម្លាំងកម្ពុជាមួយចំនួនបានបូជាជីវិត ប៉ុន្តែ កម្ពុជានៅតែប្តេជ្ញាការចូលរួមសកម្មថែមទៀត ដើម្បីបុព្វហេតុសន្តិភាពក្នុងពិភពលោក។
ក្នុងន័យនេះនាយឧត្តមសេនីយ៍ ទៀ សីហា បានសង្កត់ធ្ងន់ថា«កម្ពុជាជំរុញបង្កើនការចូលរួម នាយទាហានរក្សាសន្តិភាពកម្ពុជា ក្នុងបេសកកម្មជាសេនាធិការ សង្កេតការណ៍យោធា និងមេបញ្ជាការ បេសកកម្មជានារីរហូតដល់២០ភាគរយ តាមសំណូមពររបស់អង្គការសហប្រជាជាតិ។ ធានានិរន្តរភាពការ ចូលរួមបំបេញបេសកកម្មរក្សាសន្តិភាព ដោយផ្តោតសំខាន់ទៅលើសកម្មភាពក្នុងវិស័យមួយចំនួន ដែល កម្ពុជាមានលទ្ធភាពចូលរួម ព្រមទាំងខិតខំកែលម្អលើការងារគ្រប់គ្រង ពង្រឹងធន់ធានមនុស្ស ពិសេស បង្កើនចំនួនចូលរួមជាស្រ្តី ដើម្បីឲ្យស្របទៅនឹងទស្សនៈយែនឌ័រ បញ្ចូលគ្នានៅក្នុងប្រតិបត្តិការរក្សាសន្តិ ភាពរបស់អង្គការសហប្រជាជាតិ»។
នាយឧត្តមសេនីយ៍ទៀ សីហា បានបន្ថែមទៀតថា កម្ពុជាប្តេជ្ញាបន្តរួមវិភាគទានក្នុងបុព្វហេតុសន្តិ ភាព ស្ថិរភាព ចូលរួមក្នុងការប្រយុទ្ធដោះស្រាយ ការប្រឈមនានានៅលើពិភពលោក តួយ៉ាងប្រឆាំងនឹង ភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការប្រែប្រួលអាកាសធាតុ ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ជម្ងឺឆ្លង តាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញប្រកបដោយប្រសិទ្ធភាពជាដើម៕
អត្ថបទ ៖ បាន ចក់









