
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres នៅថ្ងៃសុក្រ (ទី១ ខែធ្នូ) នេះបានប្រាប់បណ្ដាមេដឹកនាំពិភពលោកថា ការដុតឥន្ធនៈហ្វូស៊ីលត្រូវតែបញ្ឈប់ទាំងស្រុង ហើយការកាត់បន្ថយ ឬការប្រើប្រាស់តិចតួច នឹងមិនគ្រប់គ្រាន់ ដើម្បីទប់ស្កាត់ដល់ការឡើងកម្ដៅផែនដីនោះឡើយ។
ក្នុងសុន្ទរកថាទៅកាន់កិច្ចប្រជុំកំពូលស្ដីអំពីអាកាសធាតុ COP28 នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម លោក Guterres បានថ្លែងថា៖ «យើងមិនអាចជួយសង្គ្រោះភពផែនដី ដែលកំពុងឡើងកម្ដៅយ៉ាងខ្លាំងក្លា ដោយបំពង់ផ្សែងរបស់ឥន្ធនៈហ្វូស៊ីលបានទេ។ ការកំណត់សីតុណ្ហភាព ១,៥អង្សាសេ អាចធ្វើទៅបាន លុះត្រាតែយើងបញ្ឈប់ការដុតឥន្ធនៈហ្វូស៊ីលទាំងអស់ មិនមែនកាត់បន្ថយ ហើយក៏មិនមែនប្រើប្រាស់តិចតួចនោះដែរ»។
ជាមួយគ្នានេះ លោកបានជំរុញឲ្យក្រុមហ៊ុនឥន្ធនៈហ្វូស៊ីលវិនិយោគ ក្នុងការផ្លាស់ប្តូរទៅកាន់ប្រភពថាមពលកកើតឡើងវិញ ហើយបានប្រាប់បណ្ដារដ្ឋាភិបាលនានាឲ្យជួយជំរុញឲ្យមានការផ្លាស់ប្តូរនោះ ដោយក្នុងនោះរួមទាំងតាមរយៈការប្រើប្រាស់ពន្ធប្រាក់ចំណេញពីឧស្សាហកម្មផងដែរ៕