ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា ស្ត្រីមេម៉ាយម្នាក់អាយុ ៤៨ឆ្នាំ គឺជាបុគ្គលទី៣លាន ដែលទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ហើយនឹងត្រូវទទួលបានទឹកប្រាក់ឧបត្ថម្ភចំនួន ១០លានរៀល។
សម្ដេចតេជោ ហ៊ុន សែន បានប្រកាសឱ្យដឹងបែបនេះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចកាលពីយប់មិញនេះ។
សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងទៀតថា ស្ត្រីលំដាប់ទី៣លានរូបនេះ គឺជាស្ត្រីមេម៉ាយដែលរស់នៅក្នុងមន្ទីរពេទ្យជ័យជំនះខេត្តកណ្ដាល។
សម្ដេចតេជោបញ្ជាក់ថា ដូចទៅនឹងបុគ្គលទី១លាន និងបុគ្គលទី២លានដែរ អ្នកស្រី ស៊ុំ សំអឿន នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០លានរៀល ដែលនឹងផ្ដល់ជូនដោយលោកជំទាវ ឱ វណ្ណឌីន នៅថ្ងៃនេះ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃម្សិលមិញនេះ ចំនួនពលរដ្ឋចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានកើនឡើងលើសពី ៣លាននាក់ហើយនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសរយៈពេលជាង ៤ខែកន្លងមកនេះ។
គិតត្រឹមថ្ងៃនេះ កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជូនពលរដ្ឋបាន ៣០ភាគរយហើយ បើធៀបនឹងចំនួនពលរដ្ឋ ១០លាននាក់ ដែលរាជរដ្ឋាភិបាលកំណត់សម្រាប់ចាក់វ៉ាក់សាំងនៅក្នុងឆ្នាំនេះ៕