
អង្គការសហប្រជាជាតិ ឬ UN នៅថ្ងៃសុក្រ (ទី១ ខែធ្នូ) នេះ បានថ្កោលទោសចំពោះការចាប់ផ្ដើមឡើងវិញនូវប្រតិបត្តិការយោធា នៅតំបន់ហ្កាហ្សា ដោយពណ៌នាពីអរិភាពនេះថា ជា «ការបង្កមហន្តរាយ» និងជំរុញភាគីនានាធានាឲ្យមាននូវបទឈប់បាញ់អចិន្ត្រៃយ៍ ដែលត្រូវតែប្រកាន់ខ្ជាប់។
យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានបន្តទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សា ដែលធ្វើឲ្យជនស៊ីវិលប៉ាឡេស្ទីនរត់ភៀសខ្លួនទៅរកទីជម្រកសុវត្ថិភាព បន្ទាប់ពីមានការដួលរលំនៃបទឈប់បាញ់រយៈពេល ១សប្តាហ៍ ដែលបានអស់សុពលភាពដោយគ្មានកិច្ចព្រមព្រៀង ដើម្បីបន្លាយពេលវេលាបន្ថែមទៀត។
លោក Volker Turk ឧត្តមស្នងការ UN ទទួលបន្ទុកសិទ្ធិមនុស្ស បាននិយាយថា ការចាប់ផ្ដើមជាថ្មីនូវអរិភាពនេះ គឺជាការ «បង្កមហន្តរាយ»។
ដោយអានសំណេររបស់ប្រមុខ UN លោក Antonio Guterres ដែលបង្ហោះនៅលើបណ្ដាញសង្គម X អ្នកនាំពាក្យការិយាល័យ UN នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោក Rolando Gomez បានសម្ដែងការសោកស្តាយ ចំពោះការកើតមានអរិភាពឡើងវិញ ហើយសង្ឃឹមថា ការផ្អាកប្រយុទ្ធថ្មីមួយ អាចត្រូវបានធ្វើឡើង៕