សមាជិកព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋចំនួន៥រូប ដឹកនាំដោយលោក Marco Rubio កាលពីថ្ងៃសុក្រ បានស្នើឱ្យរដ្ឋបាលរបស់ប្រធានាធិបតី លោក Joe Biden ដាក់បម្រាមធ្វើដំណើររវាងសហរដ្ឋអាមេរិកនិងប្រទេសចិន បន្ទាប់ពីមានករណីជំងឺផ្លូវដង្ហើមនៅចិនកើនឡើង។

លិខិតដែលត្រូវបានចុះហត្ថលេខាដោយលោក Rubio សមាជិកជាន់ខ្ពស់គណបក្សសាធារណរដ្ឋនៅគណៈកម្មាធិការស៊ើបការណ៍សម្ងាត់ព្រឹទ្ធសភា បាននិយាយថា យើងគួរតែរឹតត្បិតភ្លាមៗការធ្វើដំណើររវាងសហរដ្ឋអាមេរិក និង ប្រទេសចិន រហូតដល់យើងទទួលបានព័ត៌មានបន្ថែមអំពីគ្រោះថ្នាក់ដែលបង្កឡើងដោយជំងឺថ្មីនេះ។

ការកើនឡើងនៃករណីនេះ បានក្លាយជាបញ្ហាសកលកាលពីសប្តាហ៍មុន នៅពេលដែលអង្គការសុខភាពពិភពលោក បានស្នើសុំប្រទេសចិនសម្រាប់ព័ត៌មានបន្ថែម ដោយលើកឡើងពីរបាយការណ៍ស្តីពីចង្កោមនៃជំងឺរលាកសួតដែលពុំបានធ្វើរោគវិនិច្ឆ័យទៅលើកុមារ ដោយកម្មវិធីសម្រាប់ការតាមដានជំងឺដែលកំពុងលេចចេញ។ លោកស្រី Maria Van Kerkhove នាយកស្តីទីនៃនាយកដ្ឋានប្រយុទ្ធប្រឆាំងនិងបង្ការជំងឺរាតត្បាតរបស់អង្គការសុខភាពពិភពលោក បាននិយាយកាលពីដើមសប្តាហ៍នេះថា ការកើនឡើងនេះទំនងជាត្រូវបានជំរុញដោយការកើនឡើងចំនួនកុមារដែលឆ្លងវីរុស ដែលពួកគេបានចៀសផុតក្នុងអំឡុងពេលពីរឆ្នាំនៃការរឹតត្បិតជំងឺ COVID-19 ។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ សហរដ្ឋអាមេរិក និងចិន បាននិងកំពុងបង្កើនការជើងហោះហើរជាលំដាប់រវាងប្រទេសទាំងពីរ ដែលនៅទាបជាងឆ្ងាយពីកម្រិតកាលពីឆ្នាំ ២០១៩ នៅឡើយ។