អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានជំរុញឱ្យមេដឹកនាំពិភពលោកនៅក្នុងកិច្ចប្រជុំកំពូលអាកាសធាតុ COP28 រៀបចំផែនការសម្រាប់អនាគតគ្មានឥន្ធនៈហ្វូស៊ីល ដោយនិយាយថា ពុំមានវិធីផ្សេងទៀតដើម្បីទប់ស្កាត់ការឡើងកម្តៅផែនដីនោះទេ។

ថ្លែងមួយថ្ងៃ បន្ទាប់ពីប្រធានកិច្ចប្រជុំ COP28 លោក Sultan Ahmed al-Jaber បានស្នើឱ្យទទួលយកការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលនៅបន្ត ដែលលោក Guterres បាននិយាយថា យើងពុំអាចជួយសង្គ្រោះភពផែនដីដែលកំពុងឡើងកម្តៅដោយបំពង់បញ្ចេញផ្សែងនៃឥន្ធនៈហ្វូស៊ីលបាននោះទេ។
លោកនិយាយថា ដែនកំណត់ ១,៥ អង្សារគឺអាចធ្វើទៅបាន លុះត្រាតែយើងបញ្ឈប់ការដុតឥន្ធនៈហ្វូស៊ីលទាំងអស់។ ចក្ខុវិស័យប្រកួតប្រជែង មានការលំបាកក្នុងកិច្ចពិភាក្សាស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសអារ៉ាប់រួមជាប្រទេសផលិតប្រេង ដែលមានការបែងចែកលើឥន្ធនៈហ្វូស៊ីល និងភាពខ្វែងគំនិតគ្នាលើការផ្តល់ហិរញ្ញប្បទានយឺតយ៉ាវ និងភាពតានតឹងភូមិសាស្ត្រនយោបាយជុំវិញសង្រ្គាមនៅតំបន់ហ្កាហ្សា ដែលបានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍គណៈប្រតិភូពុំមានភាពវិវឌ្ឍន៍។

កិច្ចព្រមព្រៀងមួយត្រូវបានឈានដល់កាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ការបង្កើតមូលនិធិសម្រាប់ការបំផ្លាញ និងការខាតបង់ ដើម្បីជួយប្រទេសក្រីក្រទប់ទល់ផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ ដែលភាគច្រើនជាលទ្ធផលនៃការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលដោយប្រទេសអ្នកមាន ដែលបានបង្កើតចំណែកដ៏ធំនៃការបំភាយឧស្ម័ន។
ជាមួយគ្នានេះ មេដឹកនាំពិភពលោក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខស្បៀងនៅកិច្ចប្រជុំ COP28 កាលពីថ្ងៃសុក្រ ថ្ងៃទី ១ ខែធ្នូ ដែលក្នុងនោះប្រទេសចំនួន ១៣៤ នឹង ធ្វើសមាហរណកម្មប្រព័ន្ធស្បៀងអាហារទៅក្នុងផែនការអាកាសធាតុនៅឆ្នាំ២០២៥ ។