ចិន៖ កាលពីថ្ងៃចន្ទ ប្រទេសចិនបានចោទប្រកាន់ក្រុមប្រទេស G7 ពីបទប្រើឧបាយកលនយោបាយ បន្ទាប់ពីក្រុមប្រទេសទាំងនោះបានរិះគន់ទីក្រុងប៉េកាំង ជុំវិញបញ្ហាសិទ្ធិមនុស្សក្នុងតំបន់ស្វយ័ត Xinjiang និងទីក្រុង Hong Kong។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំកំពូលរយៈពេល ៣ថ្ងៃនៅចក្រភពអង់គ្លេស មេដឹកនាំ G7 បានស្ដីបន្ទោសប្រទេសចិន ចំពោះការរំលោភបំពានលើជនជាតិភាគតិចនៅក្នុងតំបន់ Xinjiang និងសកម្មជននៅទីក្រុង Hong Kong ខណៈប្រធានាធិបតីអាមេរិក លោក Joe Biden បានអំពាវនាវឲ្យទីក្រុងប៉េកាំងចាប់ផ្តើមធ្វើសកម្មភាព ប្រកបដោយទំនួលខុសត្រូវ ចំពោះបទដ្ឋានអន្តរជាតិស្ដីពីសិទ្ធិមនុស្ស។ ស្ថានទូតចិនប្រចាំនៅចក្រភពអង់គ្លេសបានឆ្លើយតបវិញភ្លាមៗកាលពីថ្ងៃចន្ទ និងបានចោទប្រកាន់បណ្ដាមេដឹកនាំ G7 ពីបទជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង។
អ្នកនាំពាក្យស្ថានទូតបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា “ក្រុមប្រទេស G7 ឆ្លៀតកេងចំណេញពីបញ្ហាពាក់ព័ន្ធនឹងតំបន់ Xinjiang ជាលេសក្នុងឧបាយកលនយោបាយ និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន ដែលយើងប្រឆាំងដាច់ខាត។ សេចក្ដីថ្លែងការណ៍ខាងលើបានចោទប្រកាន់ក្រុមប្រទេស G7 ថា ជាការភូតកុហក ពាក្យចចាមអារ៉ាម និងការចោទប្រកាន់គ្មានមូលដ្ឋាន៕
អត្ថបទ៖ សុខមាន