ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជា នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣នេះ បានរំលឹកដល់ពិភពលោកពីការប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍ គឺមិនទាន់ដល់ទីបញ្ចប់ទេ។
ជាមួយនឹងការរៀបចំព្រឹត្តិការណ៍ដើម្បីរំលឹក និងអបអរសាទរ នៅថ្ងៃទី២ ខែធ្នូនេះ ប្រារព្ធធ្វើឡើងនៅសួនកំសាន្តយូរ៉ូផាក ក្នុងបុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះនឹងធ្វើការរំលឹកដល់អ្នកដែលបានបាត់បង់ជីវិតដោយសារជំងឺអេដស៍ ហើយផ្តល់ការគាំទ្រដល់អ្នកដែលបន្តការប្រយុទ្ធប្រឆាំង និងបង្រួបបង្រួមប្រជាជនទូទាំងពិភពលោក ក្នុងការប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍។ ទិវានេះ មានការចូលរួមពីឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ (NAA)និង អ្នកតស៊ូមតិ និងអ្នកស្ម័គ្រចិត្តចំនួន៦០០នាក់។
ក្នុងឱកាសនោះ លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេស បានមានប្រសាសន៍ថា ការប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍ គឺមិនទាន់ដល់ទីបញ្ចប់ទេ យើងអំពាវនាវជាសំឡេងតែមួយ ដោយរួមជាមួយនឹងសហគមន៍ដែលជាអ្នករស់នៅជាមួយមេរោគអេដស៍ ក្រុមប្រឈមមុខខ្ពស់ ឬអ្នករងផលប៉ះពាល់ដោយមេរោគអេដស៍ គឺជាការអំពាវនាវឱ្យមានសកម្មភាពក្នុងការប្រយុទ្ធនឹងមេរោគអេដស៍។
ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ បានថ្លែងថា ការបញ្ចប់ជំងឺអេដស៍តម្រូវឱ្យយើងទាំងអស់គ្នាកសាងភាពជាអ្នកដឹកនាំដ៏រឹងមាំ ដើម្បីជំរុញភាពជាដៃគូដែលមានបរិយាបន្ន និងការវិនិយោគធនធាន និងពេលវេលាក្នុងការដោះស្រាយតម្រូវការរបស់ជនងាយរងគ្រោះ និងអ្នកដែលរងផលប៉ះពាល់ដោយសារមេរោគអេដស៍ និងជំងឺអេដស៍។
សូមបញ្ជាក់ថា ខណៈដែលពិភពលោកកំពង់តែមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ការឆ្លើយតបនឹងមេរោគអេដស៍/ជំងឺអេដស៍ ជាសកលកំពុងប្រឈមនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ បូករួមទាំងការទទួលបានមូលនិធិមិនគ្រប់គ្រាន់ ជាមួយអត្រាគ្រោះថ្នាក់ខ្ពស់ នៃការចម្លងមេរោគអេដស៍ថ្មីចំនួន ១.៣ លាននាក់ជារៀងរាល់ឆ្នាំ ការស្លាប់ប្រមាណជា ៦៣ម៉ឺននាក់ក្នុង១ឆ្នាំ ហើយការឆ្លើយតបនឹងមេរោគអេដស៍/ជំងឺអេដស៍ មិនត្រូវបានផ្តល់អាទិភាពខ្ពស់គ្រប់គ្រាន់ ជាពិសេសនៅក្នុងបណ្តាប្រទេសដែលមានចំណូលទាបនោះទេ ហើយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ គឺជាអង្គការពិភពលោកដ៏ធំបំផុតដែលបាននិងកំពុងផ្តល់សេវាថែទាំ ព្យាបាលដោយមិនគិតពីលទ្ធភាពនៃការបង់ប្រាក់ ដល់អតិថិជនជាង ១.៩លាននាក់ក្នុង៤៥ប្រទេសជុំវិញពិភពលោក មានដូចជានៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន ការាបៀន តំបន់អាស៊ី ប៉ាស៊ីហ្វិក និងអឺរ៉ុប៕អត្ថបទ រដ្ឋា







