ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី ២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី ៤១ ក្រោមប្រធានបទ «ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌» ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំឱ្យផ្សព្វផ្សាយអំពីប្រវត្តិទិវាជនមានពិការភាពកម្ពុជាដល់សង្គមជាតិទាំងមូលបានយល់ជ្រួតជ្រាបអំពីទិវានេះ។
សារាចរណែនាំរបស់សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អំពីការរៀបចំទិវាជនមានពិការភាពនេះបានឱ្យដឹងថា ទិវាជនមានពិការភាពអន្តរជាតិត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកអំពីការតស៊ូទាមទារសិទ្ធិចូលរួមក្នុងសង្គមរបស់ ជនមានពិការភាពប្រមាណ ១,៣ ពាន់លាននាក់នៃប្រជាជនសរុបនៅក្នុងពិភពលោក ដែលជាជនបាត់បង់កាយសម្បទា ញាណដឹង និងសតិបញ្ញា ហើយតែងតែជួបប្រទះឧបសគ្គរារាំងក្នុងជីវិតរស់នៅប្រចាំថ្ងៃចាប់ពីឆ្នាំ១៩៥០ រហូតដល់បច្ចុប្បន្ន សំដៅផ្លាស់ប្ដូរស្ថានភាពរស់នៅរបស់ពួកគាត់ និងបង្កើនការយល់ដឹងអំពីបញ្ហាពិការភាពដោយផ្តោតសំខាន់លើសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ជនមានពិការភាព ព្រមទាំងការធ្វើបរិយាបន្នពិការភាពទៅគ្រប់សកម្មភាព និងគ្រប់វិស័យក្នុងសង្គម រួមមាន សកម្មភាពនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ សិល្បៈ និងកីឡា។
ដោយឡែក ព្រះរាជាណាចក្រកម្ពុជា ប្រារព្ធទិវាជនមានពិការភាពកម្ពុជាឡើង ដើម្បីរំលឹកអំពីមហាវិនាសកម្ម នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើន ក្នុងនោះ រួមមាន ជនមានពិការភាព ស្ត្រីមេម៉ាយ និងកុមារកំព្រា។ មរតកនៃសង្គ្រាមក៏បានបន្សល់ទុកនូវគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះជាច្រើនរាយប៉ាយពាសពេញផ្ទៃប្រទេស ជាពិសេសគ្រាប់បែកចង្កោមមានផ្ទុកសារជាតិគីមីដែលបានរកឃើញជាច្រើននៅកម្ពុជា។ ក្រៅពីនោះ ប្រជាជនកម្ពុជា ក៏ប្រឈមនឹងភាពរងគ្រោះមួយចំនួនទៀតដែលនាំឱ្យមានពិការភាព ដូចជាគ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ ការងារ ពិការភាពពីកំណើតចាស់ជរា ជំងឺរ៉ាំរ៉ៃ និងមូលហេតុផ្សេងៗទៀត។
ដើម្បីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិ លើកទី៤១ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលបានណែនាំឱ្យ ក្រសួងព័ត៌មាន ត្រូវសហការជាមួយក្រុមប្រឹក្សាសកម្មភាពជនពិការណែនាំប្រព័ន្ធឃោសនារដ្ឋ និងឯកជនឱ្យធ្វើការផ្សព្វផ្សាយដល់សង្គមជាតិទាំងមូលឱ្យបានយល់ជ្រួតជ្រាបអំពីប្រវត្តិនៃទិវាជនមានពិការភាពកម្ពុជា និងទិវាជនមានពិការភាពអន្តរជាតិ៣ធ្នូ។
ណែនាំដល់គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ដៃគូពាក់ព័ន្ធ ត្រូវរៀបចំពិធីមីខ្ទីង ពិធីជួបសំណេះសំណាលជាមួយ ជនមានពិការភាព កម្មវិធីកម្សាន្ដសប្បាយសម្រាប់ជនមានពិការភាពនៅតាមក្រសួង ស្ថាប័ន រដ្ឋបាល រាជធានី ខេត្ត គ្រឹះស្ថានសិក្សារដ្ឋ ឯកជន អង្គការមិនមែនរដ្ឋាភិបាល និងគ្រប់មណ្ឌលនៅក្នុងមូលដ្ឋានរៀងៗខ្លួន។
ចំណែកក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា មូលនិធិជនពិការ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិនិងអន្តរជាតិ រដ្ឋបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធត្រូវសហការរៀបចំពិធីមីផ្ទាំងថ្នាក់ជាតិ និងរៀបចំកម្មវិធីកម្សាន្តផ្សេងៗ សម្រាប់ជនមានពិការភាពនៅរាជធានីភ្នំពេញ។
គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈនិងឯកជន ត្រូវរៀបចំចងបដា ពាក្យស្លោក ដើម្បីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី ២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា




