ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា បានលើកឡើងថា មរណភាពរបស់ទេវនាដនិម្មិត ឯម ធាយ គឺជា«ការបាត់បង់ដ៏ធំធេង»នៅក្នុងវិស័យវប្បធម៌ខ្មែរ។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា បានបញ្ជាក់បែបនេះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកជំទាវនៅព្រឹកថ្ងៃនេះ។
លោកជំទាវ ភឿង សកុណា បានបញ្ជាក់ថា លោកយាយ ឯម ធាយ បានបន្សល់ទុកនូវស្នាដៃសិល្បៈខ្មែរមិនអាចកាត់ថ្លៃបានសម្រាប់អ្នកជំនាន់ក្រោយ។
ទេវនាដនិម្មិត ឯម ធាយ ដែលជាព្រឹទ្ធាចារ្យសិល្បៈខ្មែរមួយរូប បានទទួលមរណភាពនៅថ្ងៃនេះក្នុងជន្មាយុ ៨៦ឆ្នាំ៕
