បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញសំណេះសំណាលជាមួយក្រុមការងារថ្នាក់ដឹកនាំខេត្ត ក្រុង-ស្រុកទាំង៩ ទូទាំងខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏ធ្វើរាយការណ៍សង្ខេបអំពីភូមិសាស្រ្តនៃខេត្តបន្ទាយមានជ័យ ជាខេត្តមួយស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា និងជាខេត្តមួយជាប់ព្រំប្រទល់នៅប្រទេសថៃ លាតសន្ធឹងប្រវែង ១៥៣គីឡូម៉ែត្រ ដែលមានច្រកទ្វារព្រំដែនអន្តរជាតិចំនួនពីរគឺ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងមានច្រកទ្វារតំបន់ព្រំដែនចំនួនពីរទៀតគឺ ច្រកទ្វារតំបន់ម៉ាឡៃ ស្ថិតក្នុងស្រុកម៉ាឡៃ និងច្រកទ្វារតំបន់ព្រំដែន បឹងត្រកួន ស្ថិតក្នុងស្រុកថ្មពួក។

នាឱកាសនោះឯកឧត្តម ឌិត ទីណា ក៏បានថ្លែងនូវការអរគុណចំពោះថ្នាក់ដឹកនាំខេត្តដែលបានខិតខំប្រឹងប្រែង ដល់ដំណើរការអភិវឌ្ឍខេត្ត និងប្រជាជនទូទាំងខេត្តទាំងមូល។ ឯកត្តម បន្តថា រាជដ្ឋាភិបាលបង្កើតក្រុមការងារចុះមូលដ្ឋាននីមួយៗ ដើម្បីចូលរួមធ្វើការដោះស្រាយនូវបញ្ហាប្រឈម សំណើ សំណូមពរនានារបស់មូលដ្ឋាន និងត្រូវធ្វើ ការតាមដាន ត្រួតពិនិត្យ និងជំរុញសកម្មភាពដោះស្រាយបញ្ហាទាំងនោះ ដោយផ្អែកលើច្បាប់ លិខិតបទដ្ឋាន គតិយុត្ត គោលនយោបាយ និងវិធានការរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម បន្ថែមថា ករណីមិនអាចដោះស្រាយបាន ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត អាចជួបពិភាក្សា ឬ ស្នើសុំឱ្យរដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័នពាក់ព័ន្ធដើម្បី ចាត់វិធានការដោះស្រាយស្របតាមសមត្ថកិច្ចនៃក្រសួង ស្ថាប័ននីមួយៗ។ ករណីនៅតែមិនអាចដោះស្រាយបានប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ត្រូវបញ្ជូនមកលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ដើម្បីធ្វើការបូកសរុបរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។

ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អាណត្តិទី៧ ឯកឧត្តម ឌិត ទីណា ប្ដេជ្ញាចូលរួមគាំទ្រ និងជំរុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ឱ្យបានសកម្មផុលផុសនៅតាមមូលដ្ឋាន ដើម្បីរួមគ្នាបន្តជំរុញ ការអភិវឌ្ឍប្រទេសជាតិឱ្យឈានចូលដំណាក់កាលថ្មី សំដៅឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។

សូមបញ្ជាក់ដែរថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំចាត់តាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេតតបន្ទាយមានជ័យ ដោយចាត់តាំងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ក្នុងអាណត្តិថ្មី៕ អត្ថបទ៖ រឿង ចន្ទ្រា





