យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែលបានឲ្យដឹងថា មេដឹកនាំក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា លោក យ៉ាយ៉ា ស៊ីនវ៉ា(Yahya Sinwar) ត្រូវបានគេស្ដីបន្ទោសចំពោះការធ្វើឲ្យបរាជ័យនៅក្នុងការចរចា ដែលបណ្ដាលអោយដួលរលំបទឈប់បាញ់នៅក្នុងរយៈពេលជិតពីរខែនៃសង្រ្គាមនេះ។
ភាគីក្នុងសង្រ្គាមនេះ បានបន្ទោសគ្នាទៅវិញទៅមកចំពោះការដួលរលំបទឈប់បាញ់រយៈពេល៧ថ្ងៃ នៅក្នុងអំឡុងពេលដែលក្រុមហាម៉ាស បានដោះលែងចំណាប់ខ្មាំងជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាលេស្ទីនដែលត្រូវបានជាប់ឃុំខ្លួនក្នុងពន្ធនាគារអ៊ីស្រាអែល។
លោកអូហ្វើរ ហ្គេនដេលមែន (Ofir Gendelman) អ្នកនាំពាក្យភាសារអារ៉ាប់របស់រដ្ឋាភិបាលអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃសៅរ៍ថា ក្រុមហាម៉ាសមិនព្រមដោះលែងចំណាប់ថ្នូរបន្ថែមទៀតដោយសំដៅដល់ឈ្មោះស៊ីនវ៉ា ជាអ្នកទទួលខុសត្រូវនៅក្នុងការធ្វើសេចក្ដីសម្រេចដែលអ៊ីស្រាអែលនិយាយថា ជាអ្នកនាំឲ្យបន្ដការប្រយុទ្ធគ្នាក្នុងតំបន់ហ្កាហ្សានោះ ។
ប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហាម៉ាស បាននិយាយថា ជនជាតិប៉ាឡេស្ទីនប្រមាណជា២០០នាក់ត្រូវបានសំលាប់ចាប់តាំងពីបទឈប់បាញ់បានបញ្ចប់មក ហើយបានបន្ថែមថា មនុស្សជាង១៥.០០០នាក់ បានស្លាប់ ក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីសង្រ្គាមបានចាប់ផ្ដើមផ្ទុះឡើង៕ អត្ថបទ មករា
