ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ត្រូវបានក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក បោះឆ្នោតជាឯកច្ឆន្ទជ្រើសតាំងជាសមាជិកកិត្តិយស និងត្រូវបានលោក Louis Thebault ប្រធានក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក នាំយកមកប្រគល់ជូនឯកឧត្តមដោយផ្ទាល់ ក្នុងឱកាសទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៨ នៅមុខប្រាសាទអង្គរវត្ត នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣។

ឯកឧត្តមទេសរដ្ឋមន្ដ្រី បានសម្ដែងនូវសេចក្ដីរំភើបរីករាយ និងមោទនភាពជាខ្លាំង ដែលទទួលបានសេចក្ដីទុកចិត្ត និងការផ្ដល់កិត្តិយសដ៏ធំធេងពីអង្គមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោកជ្រើសតាំងឯកឧត្តមជាសមាជិកកិត្តិយស។ ឯកឧត្តមថា សញ្ញាបត្រកិត្តិយសនេះ បានមកដោយសារការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោអតីតនាយករដ្ឋមន្ដ្រី និងសម្ដេចធិបតីនាយករដ្ឋមន្ដ្រីបច្ចុប្បន្ន ដែលកន្លងមកសម្ដេចទាំងពីរ បានដឹកនាំដ៏អស្ចារ្យ ព្រមទាំងគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ផងដែរ ។

លោក Louis Thebault បានឲ្យដឹងថា ការបោះឆ្នោតជាឯកច្ឆន្ទជ្រើសតាំងឯកឧត្តមបណ្ឌិត ថោង ខុន ជាសមាជិកកិត្តិយសនេះ បន្ទាប់ពីអង្គមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក កាលពីថ្មីៗ បានចាត់ទុកឯកឧត្តម គឺជាឥស្សរជនដ៏ឆ្នើម តាំងពីដំណាក់កាលដំបូង នៃការដាក់បញ្ចូលឆ្នេរសមុទ្រកម្ពុជា ចូលជាសមាជិកក្លិបឆ្នេរដែលស្អាតបំផុតលើពិភបលោក តាំងពីឆ្នាំ២០១០ និងយន្ដការជាបន្ដបន្ទាប់ ដូចជាគណៈកម្មការគ្រប់ក្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា និងការរៀបចំបុណ្យសមុទ្រជាដើម។

លោកបន្ដថា ឆ្នេរសមុទ្រកម្ពុជា បានបង្ហាញអំពីភាពស្រស់ស្អាតរបស់ខ្លួន សក្ដានុពលជាច្រើន រាប់បញ្ចូលតាំងពីកោះ ទីក្រុង តំបន់ព្រៃកោងកាងជាដើម ពិសេសបន្ទាប់ពីខ្ញុំបានទៅទស្សនកិច្ចនៅតំបន់ឆ្នេរខេត្តកំពត គឺឆ្នេរសមុទ្រកម្ពុជា នៅតែបង្ហាញពីភាពស្រស់ស្អាតរបស់ខ្លួន តាំងពីចូលជាសមាជិកក្លិប។ តាមរយៈនេះ លោកបានកោតសរសេរ ចំពោះឯកឧត្តម ថោង ខុន ដែលកន្លងមកជារដ្ឋមន្ដ្រីផង និងជាតំណាងក្លិបឆ្នេរសមុទ្រកម្ពុជាផង បានធ្វើកិច្ចការជាច្រើន រហូតធ្វើឲ្យអន្ដរជាតិស្ងើចសរសើរពីការគ្រប់គ្រងតំបន់ឆ្នេរនៅកម្ពុជា៕ អត្ថបទ៖ លី ឈុនឡា
