ក្នុងឱកាសអបអរសាទរទិវាជនពិការអន្តរជាតិថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងសារទៅកាន់ពិភពលោកថា កម្ពុជាប្តេជ្ញាចិត្ត ធានា និងផ្តល់តាមការសន្យាដែលបានធ្វើចំពោះជនរងគ្រោះដោយសារមីន ព្រមទាំងបន្តជំរុញភាពជាដៃគូជាមួយអនុសញ្ញាស្តីពីសិទ្ធិជនពិការ និងតម្រឹមការខិតខំជាមួយនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី ២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី ៤១ ក្រោមប្រធានបទ «ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌» ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងថា កម្ពុជាមិនត្រឹមតែឆ្លុះបញ្ចាំងពីបញ្ហាប្រឈមរបស់ក្មេងស្រី ក្មេងប្រុស បុរស និងស្ត្រីពិការភាពចំនួន ១.៣ ពាន់លាននាក់នៅលើពិភពលោក រួមទាំងអ្នករស់រានមានជីវិតពីមីនប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងអបអរសាទរចំពោះការរួមចំណែកដ៏មានតម្លៃដែលជនមានពិការភាពដែលបានធ្វើចំពោះសហគមន៍ពិភពលោក ចំពោះភាពរឹងមាំ និងភាពធន់របស់ពួកគេជាពិសេសនៅពេលប្រឈមមុខជាមួយគ្រោះអាសន្ន និងវិបត្តិមនុស្សធម៌។
ឯកឧត្តមបញ្ជាក់ថា អស់រយៈពេលជាង ២៥ ឆ្នាំ រដ្ឋភាគីនៃអនុសញ្ញានេះ រួមជាមួយនឹងសង្គមស៊ីវិល និងអង្គការតំណាងនៃអ្នករស់រានមានជីវិតពីមីន បានខិតខំប្រឹងប្រែងយ៉ាងសំខាន់ឆ្ពោះទៅរកការប្រែក្លាយពាក្យនៃអនុសញ្ញានេះទៅជាការពិត។ ផែនការសកម្មភាពអូស្លូ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តក្នុងការផ្តល់សិទ្ធិអំណាចដល់អ្នករស់រានមានជីវិតពីមីន គ្រួសារ និងសហគមន៍ដែលរងផលប៉ះពាល់។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ត្រូវតែបន្តហើយត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីធានាឱ្យមានការចូលរួមពេញលេញ និងការដាក់បញ្ចូលអ្នករស់រានមានជីវិតរួចផុតពីមីន ដោយឈរលើមូលដ្ឋានស្មើភាពជាមួយអ្នកដទៃនៅក្នុងសង្គម។
សូមជម្រាបថា កម្ពុជាក្នុងនាមជាប្រធាននៃសន្និសីទត្រួតពិនិត្យលើកទី៥ «កិច្ចប្រជុំសៀមរាប-អង្គរ ស្តីពីពិភព លោកគ្មានមីន» ឆ្នាំ២០២៤ បានប្តេជ្ញាចិត្ត ធានា និងផ្តល់តាមការសន្យាដែលបានធ្វើចំពោះជនរង គ្រោះដោយសារមីន។ ការផ្តល់ដ៏សំខាន់នៃអនុសញ្ញានេះ គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពបីរបស់កម្ពុជា។ កម្ពុជាក៏នឹងធ្វើការរួមគ្នាជាមួយអ្នករស់រានមានជីវិតពីមីន អង្គការតំណាង និងជនមានពិការ ដើម្បីធានាបាននូវការ ចូលរួមយ៉ាងសកម្ម និងការដាក់បញ្ចូលក្នុងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាផងដែរ៕ អត្ថបទ៖ ភារម្យ