ស៊ីហ្គេម៖ បន្ទាប់ពីលើកសំណើទៅរដ្ឋាភិបាលរបស់ខ្លួន គណៈកម្មាធិការជាតិអូឡាំពិកវៀតណាម និងសមាជិកក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នឹងរៀបចំកិច្ចប្រជុំធំមួយនាថ្ងៃទី២៤ ខែមិថុនាខាងមុខដើម្បីសម្រេចថា ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២១ នៅរដ្ឋធានីហាណូយនឹងត្រូវពន្យារពេល ឬក៏អត់?
គួរដឹងថា ដោយសារវិបត្តិកូវីដ-១៩ ម្ចាស់ផ្ទះវៀតណាមមានបំណងចង់ពន្យារពេលស៊ីហ្គេមនាចុងឆ្នាំ២០២១ នេះទៅពាក់កណ្ដាលឆ្នាំ២០២២។ ប៉ុន្តែក្នុងកិច្ចប្រជុំកម្រិតជំនាញ របស់គណៈអចិន្ត្រៃយ៍សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍កាលពីថ្មីៗកន្លងទៅ ប្រទេសសមាជិកអាស៊ានភាគច្រើនមិនគាំទ្រឡើយ អាស្រ័យហេតុនេះវៀតណាមបានលើកសំណើ ៣ ទៅរដ្ឋាភិបាលរបស់ខ្លួនគឺ ទី១-រក្សាការប្រកួតតាមកាលបរិច្ឆេទចាស់ ទី២-សុំពន្យារពេលទៅពាក់កណ្ដាលឆ្នាំ២០២២ និងទី៣-សុំពន្យារពេលដល់ឆ្នាំ២០២៥ ឬដល់ឆ្នាំ២០២៧ តែលុះត្រាមានការអនុញ្ញាតពីម្ចាស់ផ្ទះដល់វេនថៃ ឬព្រុយណេសិន។ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា បន្ទាប់ពីវៀតណាមបានលើកសំណើទៅរដ្ឋាភិបាលរបស់ខ្លួនបែបនេះ ប្រទេសសមាជិកទាំងអស់ក៏បានរង់ចាំអ៊ុតលទ្ធផល នៃការសម្រេចរបស់រដ្ឋាភិបាលវៀតណាមដូចគ្នា ដើម្បីធ្វើការសម្រេចចុងក្រោយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដែលត្រូវបានកំណត់រៀបចំនាថ្ងៃទី២៤ ខែមិថុនាខាងមុខតាមប្រព័ន្ធអនឡញ។
ដូច្នេះចាំមើលថា តើរដ្ឋាភិបាលវៀតណាម នឹងសម្រេចយកសេនារីយ៉ូមួយណា ហើយប្រទេសសមាជិកក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍គាំទ្រ ឬអត់ នឹងដឹងនាសប្ដាហ៍ក្រោយ។ គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងម្ចាស់ផ្ទះវៀតណាមចង់ពន្យារពេលស៊ីហ្គេមឆ្នាំ២០២១ ទៅពាក់កណ្ដាលឆ្នាំ២០២២ ហើយត្រូវបានប្រទេសសមាជិកអាស៊ានមិនយល់ព្រម ក៏ព្រោះការពន្យារពេលនេះអាចធ្វើឲ្យប៉ះពាល់ ដល់ផែនការត្រៀមខ្លួនរបស់ប្រទេសនីមួយៗ ពិសេសប៉ះពាល់ដល់កញ្ចក់ថវិកា សម្រាប់អភិវឌ្ឍវិស័យកីឡាប្រចាំឆ្នាំរបស់ប្រទេសទាំងអស់។ អាស្រ័យហេតុនេះ ប្រទេសទាំងអស់ចង់ឲ្យវៀតណាមរក្សាការរៀបចំស៊ីហ្គេម តាមផែនការចាស់ដែលនឹងចាប់ផ្ដើមពីថ្ងៃទី២១ ខែវិច្ឆិការហូតដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ៕
អត្ថបទ៖ លី ឈុនឡា