អ៊ីស្រាអែលបានប្រឈមនឹងការអំពាវនាវរបស់សហរដ្ឋអាមេរិកកាន់តែខ្លាំងឡើង ដើម្បីជៀសវាងការបង្កគ្រោះថ្នាក់បន្ថែមទៀតដល់ជនស៊ីវិលប៉ាឡេស្ទីន ក្នុងការប្រយុទ្ធរបស់ខ្លួនប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្កាហ្សា ខណៈភាគីជម្លោះកាលពីថ្ងៃអាទិត្យពុំបានបង្ហាញសញ្ញានៃការឈានឆ្ពោះទៅរកការរស់ឡើងវិញនូវបទឈប់បាញ់របស់ពួកគេឡើយ។

ស្របពេលកងកម្លាំងអ៊ីស្រាអែលវាយលុកតំបន់រងការឡោមព័ទ្ធមួយនេះ បន្ទាប់ពីបទឈប់បាញ់បណ្តោះអាសន្នផុតកំណត់ អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris បាននិយាយថា ប្រជាជនប៉ាឡេស្ទីនស្លូតត្រង់ច្រើនយ៉ាងត្រូវបានសម្លាប់នៅតំបន់ហ្កាហ្សា ហើយរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានចាត់ទុកការសម្លាប់រង្កាលនេះថាជា ការទទួលខុសត្រូវខាងសីលធម៌ សម្រាប់អ៊ីស្រាអែលដើម្បីការពារជនស៊ីវិល។
សុន្ទរកថារបស់មន្ត្រីជាន់ខ្ពស់អាមេរិកកាលពីថ្ងៃសៅរ៍បានពង្រីកសម្ពាធពីទីក្រុងវ៉ាស៊ីនតោន លើអ៊ីស្រាអែលឱ្យប្រើការប្រុងប្រយ័ត្នបន្ថែមទៀត ខណៈផ្លាស់ប្តូរការផ្តោតលើការវាយលុកដោយយោធារបស់ខ្លួនបន្ថែមទៀតនៅភាគខាងត្បូងនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីបដែលបានឡោមព័ទ្ធ។
ស្របពេលការប្រយុទ្ធគ្នាជាថ្មីបានអូសបន្លាយដល់ថ្ងៃទី ៣ ប្រជាពលរដ្ឋព្រួយបារម្ភថាការវាយប្រហារ តាមអាកាស និងកាំភ្លើងធំ គឺការចាប់ផ្តើម នៃប្រតិបត្តិការជើងគោករបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូង ដែលនឹងធ្វើឱ្យពួកគេ ត្រូវគេចចូលទៅក្នុងតំបន់រួមតូច ហើយអាចព្យាយាមរុញច្រានពួកគេឆ្លងចូលទៅក្នុងប្រទេសអេហ្ស៊ីប៕ អត្ថបទ៖ សុខមាន
