យោងតាមក្រុមអាជ្ញាធរក្នុងតំបន់ នៅថ្ងៃអាទិត្យនេះ មនុស្សម្នាក់បានស្លាប់ និងពីរនាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧,៤ រ៉ិចទ័រ បានវាយប្រហារខេត្ត ស៊ូរីហ្គាវ ឌេលសួរ ( Surigao del Sur) ភាគខាងត្បូង ប្រទេសហ្វីលីពីន កាលពីយប់ថ្ងៃសៅរ៍។
ការិយាល័យកាត់បន្ថយគ្រោះមហន្តរាយក្នុងតំបន់បានរាយការណ៍ថាស្ត្រីម្នាក់មកពីទីក្រុងតាហ្គាំ ( Tagum) ក្នុងខេត្ត ដាវ៉ាវ ដេល ណូតេ (Davao del Norte) បានស្លាប់ នៅពេលដែលជញ្ជាំងផ្ទះរបស់គាត់បានដួលរលំ។ ប្តីនិងកូនរបស់គាត់បានរងរបួស។

វិទ្យាស្ថានសិក្សាពីបន្ទុះភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីនបានចេញការព្រមានអំពីរលកយក្សស៊ូណាមិកាលពីយប់ថ្ងៃសៅរ៍ ដោយជំរុញឱ្យប្រជាជនដែលរស់នៅក្នុងតំបន់ឆ្នេរជិតចំណុចកណ្តាលនៃការជម្លៀសខ្លួនទៅកាន់ទីទួលខ្ពស់ ឬផ្លាស់ទីទៅឆ្ងាយក្នុងដីគោក។ យ៉ាងណា ក្រុមអ្នកស្រុកបានត្រឡប់ទៅផ្ទះសម្បែងពួកគេវិញ បន្ទាប់ពីវិទ្យាស្ថាន នេះ បានដកការជូនដំណឹងអំពីរលកយក្សស៊ូណាមិ។
ទីភ្នាក់ងារឧតុនិយមរបស់ប្រទេសជប៉ុនក៏បានដកសេចក្តីជូនដំណឹងអំពីរលកយក្សស៊ូណាមិសម្រាប់តំបន់ឆ្នេរប៉ាស៊ីហ្វិករបស់ប្រទេសនេះផងដែរ បន្ទាប់ពីមានការរញ្ជួយដីដ៏ខ្លាំងកាលពីថ្ងៃសៅរ៍នៅប្រទេសហ្វីលីពីននោះ៕
