ភ្នំពេញ៖ សមាគមមូលនិធិទ្រទ្រង់ការអភិវឌ្ឍនៅកម្ពុជា និង Rotary នៅថ្ងៃទី២ និងទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ បានរៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៥ពាន់នាក់ នៅឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម ក្នុងគោលបំណងជួយលើកកម្ពស់សុខុមាលភាពសាធារណៈរបស់ប្រជាពលរដ្ឋកម្ពុជា។
កម្មវីធីនេះ មានការចូលរួមពីលោកជំទាវ ខាង ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានទទួលបន្ទុកក្តាប់រួមនៃក្រុមការងារចុះមូលដ្ឋានឃុំសណ្កែក ស្រុកបាយធាយ ខេត្តកំពង់ចាម, ឯកឧត្តម ឈាន លាង រដ្ឋលេខាធិការក្រសួងព័ត៌មាន, លោក ហាន កុសល អភិបាលរងខេត្តកំពង់ចាម សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក ឃុំ ភូមិ និងអាជ្ញាធរដែនដីជាច្រើននាក់ផងដែរ។
អ្នកឧកញ៉ា លី ឃុនថៃ ប្រធានកិត្តិយស សមាគមមូលនិធិទ្រទ្រង់ការអភិវឌ្ឍនៅកម្ពុជា បានមានប្រសាសន៍ថា នេះជាសកម្មភាពសប្បុរសធម៌មួយ ក្នុងចំណោមសកម្មភាពជាច្រើនផ្សេងទៀតរបស់សមាគមដែលបានចូលរួមក្នុងសង្គម ហើយសមាគមសូមប្តេជ្ញាបន្តការខិតខំប្រឹងប្រែងកៀងគរសប្បុរជននានា ដើម្បីរៀបចំកម្មវិធីល្អៗបែបនេះបន្ថែមទៀតនៅពេលអនាគត ស្របតាមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសដើម្បីសម្រេចគោលដៅនៃសមាគមក្នុងការជំរុញការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា។
លោកស្រី DG Stela ប្រធាន Rotary បានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយ នៅពេលបានបំពេញការងារសប្បុរសធម៌នេះនៅកម្ពុជា និងបានបញ្ជាក់ថា កម្មវិធីនេះមានការចូលរួមពីក្រុមគ្រូពេទ្យស័្មគ្រចិត្តមកពីប្រទេសអូស្រ្តាលី ជប៉ុន កូរ៉េ និងក្រុងតៃប៉ិ ប្រទេសចិនចំនួនសរុប ១៦៨នាក់ ដើម្បីធ្វើការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋជាង ៥ពាន់នាក់ នៅឃុំសណ្ដែកនេះ ក្នុងន័យសប្បុរសធម៌ និងលើកកម្ពស់សុខុមាលភាពសាធារណៈជូនដល់ប្រជាពលរដ្ឋដោយស្មើភាពគ្នា និងមិនមានការរើសអើង។ លោកស្រី បានបន្តថា ក្រៅពីការងារនេះ ក្រុមការងារ ក៏បាននាំយកសម្ភារៈសិក្សាជាកាតាបស្ពាយ ផ្ដល់ជូនសិស្សានុសិស្សចំនួន ១,២០០នាក់នៅទីនេះផងដែរ។
នៅក្នុងពិធីនេះ លោកជំទាវ ខាង ឡេង ប្រធានទទួលបន្ទុកក្តាប់រួមនៃក្រុមការងារចុះមូលដ្ឋានឃុំសណ្កែក ស្រុកបាធាន ខេត្តកំពង់ចាម បានថ្លែងអំណរគុណដល់សមាគម និង Rotary បណ្តាសប្បុរសជន និងជាពិសេសក្រុមគ្រូពេទ្យវេជ្ជសាស្រ្ត រួមទាំងក្រុមការងារក្នុង និងក្រៅប្រទេសទាំងអស់ ដែលបានផ្តួចផ្តើមឲ្យមានការរៀបចំវេទិកាទ្រទ្រង់សប្បុរសដ៏មានសារៈសំខាន់នេះឡើង ក្នុងន័យជំរុញការលើកកម្ពស់សុខុមាលភាពសាធារណៈរបស់ប្រជាជន។
លោកជំទាវ បានបន្ថែមទៀតថា ការផ្តួចផ្តើមនេះ ពិតជាមានសារៈសំខាន់ណាស់ ដោយបានផ្តល់ឱកាសដ៏កម្រជូនដល់ប្រជាពលរដ្ឋក្នុងឃុំសណ្កែករបស់យើង ជាពិសេសអ្នកដែលមិនសូវមានជីវភាពធូរធាអាចមានលទ្ធភាពទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ផ្តល់ជូនដោយក្រុមគ្រូពេទ្យវេជ្ជសាស្រ្តដែលមានវិជ្ជាជីវៈ និងមានបទពិសោធន៍ជាច្រើនឆ្នាំ ដែលនេះជាការរួមចំណែកដល់ការសម្រាលបន្ទុកជីវភាពប្រជាពលរដ្ឋនៅក្នុងឃុំបានមួយចំណែកផងដែរ។
សូមជម្រាបជូនថា សមាគមមូលនិធិទ្រទ្រង់ការអភិវឌ្ឍនៅកម្ពុជា បានបង្កើតឡើងនៅក្នុងឆ្នាំ២០១៨ ដោយមានគោលបំណងសំខាន់ៗ ផ្ដោតលើការលើកកម្ពស់ជីវភាព សុខុមាលភាពប្រជាជន ផ្ដើមចេញពីការចូលរួមបណ្ដុះបណ្ដាលធនធានមនុស្ស និងជាពិសេសរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើនជាលំដាប់៕









