រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃបារាំងលោក ហ្សេរ៉ាល់ ដាម៉ាណាំង (Gerald Darmanin) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃសៅរ៍ថា មនុស្សម្នាក់ ត្រូវបានសំលាប់ និងពីរនាក់ទៀតរងរបួស បន្ទាប់ពីបុរសជាជនសង្ស័យម្នាក់ដែលធ្លាប់មានទោសពីមុន បានវាយប្រហារអ្នកទេសចរនៅកណ្ដាលក្រុងប៉ារីស ជិតប៉មទួអេហ្វែល(Eiffel Tower)។
លោកដាម៉ាណាំង បាននិយាយថា ជនសង្ស័យ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ៤ឆ្នាំក្នុង២០១៦ ពីបទរៀបផែនការវាយប្រហារ ហើយត្រូវគេដឹងថា មានសតិមិនល្អផងដែរ។ ជនសង្ស័យបានប្រាប់សមត្ថកិច្ចថារូបគេ មានការតូចចិត្ដ ព្រោះជនមូស្លីមជាច្រើននាក់ បានស្លាប់ក្នុងប្រទេសអាហ្វហ្កានីស្ថាននិងដែនដីប៉ាឡេស្ទីន ហើយក៏ពិបាកចិត្ដអំពីស្ថានការណ៍នៅក្នុងតំបន់ហ្កហ្សាផងដែរ។
ការវាយប្រហារ បានកើតឡើងនៅម៉ោងប្រមាណជា ១៩:០០នាទី នៅពេលដែលបុរសម្នាក់ បានវាយប្រហារប្ដីប្រពន្ធជាអ្នកទេសចរ ដោយកូនកាំបិតនៅផ្លូវ កេ ដឺ ហ្គ្រេណែល(Quai de Grenelle) មានចម្ងាយតែប៉ុន្មានហ្វីតប៉ុណ្ណោះពីប៉មទួអេហ្វែល បណ្ដាលឲ្យជនជាតិអាល្លឺម៉ង់ម្នាក់ស្លាប់ដោយមុខរបួសធ្ងន់ធ្ង។ ជនសង្ស័យពេលនោះត្រូវបានសមត្ថកិច្ចដេញតាមចាប់ ប៉ុន្ដែជនសង្ស័យវាយប្រហារមនុស្សពីរនាក់ទៀតជាមួយដោយប្រើញញួរ មុនពេលត្រូវសមត្ថកិច្ចចាប់ខ្លួនបាន។ការិយាល័យរដ្ឋអាជ្ញាប្រឆាំងភេរវកម្ម បាននិយាយថា រឿងក្ដីនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ៕ អត្ថបទ មករា

