មន្ត្រីក្នុងតំបន់បាននិយាយថា ទឹកជំនន់ធ្ងន់ធ្ងរ និងបំណាក់ដីបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៧នាក់ និង៨៥នាក់ ផ្សេងទៀត រងរបួស នៅភាគខាងជើងប្រទេសតង់ហ្សានី។
គ្រោះថ្នាក់នេះបានកើតឡើងនៅជិតជម្រាលភ្នំ ហាណាង(Hanang) ដែលនៅពេលនេះលោកស្រីប្រធានាធិបតី សាម៉ាលីយ៉ា ហានសាន (Samia Hassan) បានដាក់ពង្រាយកងកម្លាំងសន្តិសុខជាតិ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។
ផ្ទុះសម្បែងប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធ ក៏ត្រូវបានរងការបំផ្លិចបំផ្លាញដោយសារគ្រោះមហន្តរាយអាកាសធាតុនេះ ផងដែរ។
គេបាននិយាយថា ទឹកជំនន់នេះ គឺជាគ្រោះថ្នាក់ធម្មជាតិដ៏ធំបំផុតនៅក្នុងប្រទេសតង់ហ្សានី ដែលប៉ះពាល់ដល់មនុស្សរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ។

ប្រទេសស្ថិតក្នុងតំបន់អាហ្រ្វិកខាងកើតមួយនេះ បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយទឹកជំនន់ និងបំណាក់ដីក្នុងឆ្នាំ២០២៣នេះ ដែលមួយផ្នែកបណ្តាលមកពីបាតុភូតអាកាសធាតុ អេលនីញ៉ូ (El Niño)។
កាលពីខែមុននៅប្រទេសតង់ហ្សានី ទទួលរងភ្លៀងធ្លាក់ខ្លាំងជាងធម្មតា ដែលបានបណ្តាលឲ្យមានមនុស្សស្លាប់ និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងរដ្ឋធានី ដា អ៊ីសសាឡាម (Dar es Salaam) និងតំបន់នានាដូចជាតំបន់ គីហ្គូម៉ា (Kigoma)តំបន់ កាហ្គេរ៉ា(Kagera)តំបន់ ហ្គេតា (Geita) និង តំបន់កោះ អ៊ុនហ្គូចា (Unguja)។
ទីភ្នាក់ងារឧតុនិយមរបស់ប្រទេសតង់ហ្សានីបានព្រមានថាភ្លៀងនឹងបន្តនៅក្នុងខែនេះ។
បាតុភូត El Nino គឺជាគំរូអាកាសធាតុដែលកើតឡើងដោយឯកឯង ដែលមានប្រភពនៅមហាសមុទ្រប៉ាស៊ីហ្វិក ដែលជំរុញឱ្យមានសីតុណ្ហភាពកើនឡើងនៅទូទាំងពិភពលោក។ បាតុភូតនេះ អាចនាំមកនូវគ្រោះរាំងស្ងួតដល់តំបន់មួយចំនួន និងភ្លៀងធ្លាក់ខ្លាំង នៅប្រទេសផ្សេងទៀត៕ អត្ថបទ៖ សុខមាន

