យោធាអ៊ីស្រាអែលបាននិយាយថា កងកម្លាំងថ្មើរជើងរបស់ខ្លួនកំពុងធ្វើប្រតិបត្តិការនៅពាសពេញ តំបន់ហ្កាហ្សាស្ទ្រីប ស្របពេលកងកម្លាំងអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើតំបន់ឡោមព័ទ្ធមួយនេះ កាលពីថ្ងៃអាទិត្យ ទី ៣ ខែធ្នូ ដោយបានបណ្ដាលឲ្យពលរដ្ឋប៉ាឡេស្ទីនជាច្រើនស្លាប់ និងរបួស ខណៈជនស៊ីវិល បានស្វែងរកទីជម្រកនៅក្នុងតំបន់ដែលកាន់តែរួមតូច ហ្កាហ្សា នៅភាគខាងត្បូង។
ក្រុមសកម្មប្រយុទ្ធហាម៉ាស បាននិយាយថា យុទ្ធជនរបស់ខ្លួនបានប៉ះទង្គិចជាមួយទាហានអ៊ីស្រាអែលនៅចម្ងាយប្រហែល២ គីឡូម៉ែត្រ ពីទីក្រុង Khan Younis ភាគខាងត្បូង។

អ្នកស្រុកដែលភាគច្រើនបានផ្លាស់ទៅទីនោះដើម្បីភៀសខ្លួនពីការវាយប្រហារកាលពីកន្លងទៅ ក្នុងជម្លោះនេះ បាននិយាយថា ពួកគេអាចឮសំឡេងរថក្រោះ និងមានការភ័យខ្លាចកាន់តែខ្លាំង ចំពោះការវាយលុកថ្មើរជើងថ្មីរបស់អ៊ីស្រាអែល។
មុននេះ យោធាអ៊ីស្រាអែល បានបញ្ជាឱ្យប្រជាជនជម្លៀសចេញពីតំបន់មួយចំនួនក្នុង និងជិតទីក្រុងនេះ ប៉ុន្តែពុំបានប្រកាសពីការវាយលុកថ្មើរជើងថ្មីនៅភាគខាងត្បូងណាមួយឡើយ។
អ្នកនាំពាក្យឧត្តមនាវីទោ ដានីញែលហាហ្គារី (Daniel Hagari) បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុង Tel Aviv ក្នុងសញ្ញាច្បាស់បំផុតថា ការវាយលុកដោយថ្មើរជើង ដែលបានគ្រោងទុករបស់ខ្លួននៅភាគខាងត្បូងបានចាប់ផ្តើមហើយ ។
កងកម្លាំងការពារអ៊ីស្រាអែល IDF បន្តពង្រីកប្រតិបត្តិការថ្មើរជើងរបស់ខ្លួនលើមជ្ឈមណ្ឌលហាម៉ាស នៅពាសពេញតំបន់ហ្កាហ្សាស្ទ្រីប។ កងកម្លាំងកំពុងប្រឈមជាមួយក្រុមភេរវករហើយសម្លាប់ពួកគេ៕ អត្ថបទ៖ សុខមាន

