កងកម្លាំងអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកគ្រប់ទីកន្លែងនៃតំបន់ហ្កាហ្សាស្ទ្រីប(Gaza Strip)កាលពីថ្ងៃអាទិត្យទី៣ធ្នូរ។ ជំរំជនភៀសខ្លួនចាបាលីយ៉ា (Jabalia) នៅក្នុងតំបន់គ្រប់គ្រងដោយក្រុមហាម៉ាសភាគខាងជើង ស្ថិតក្នុងចំណោមទីតាំងជាច្រើនដែលបានរងគ្រោះពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល។ អ្នកនាំពាក្យក្រសួងសុខាភិបាលហ្កាហ្សា និយាយថាមនុស្សមួយចំនួនបានស្លាប់ ដោយសារការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។

វីដេអូទទួលបានដោយសារព័ត៌មាន Reuters ក្រោយការវាយប្រហារ បង្ហាញពីកុមារជាច្រើន ប្រឡាក់ដោយធូលីពណ៌ប្រផេះ ខណៈត្រូវបានជួយសង្រ្គោះចេញពីគំរថ្ម នៃអគារនានាដែលបានបាក់រលំ។ កុមារជាច្រើនកំពុងស្រែកយំ តាមរកឪពុករបស់ពួកគេ។ម្នាក់ក្នុងចំណោមពួកគេនិយាយថា ឪពុកគេបានស្លាប់ហើយ។ ការវាយប្រហារជាថ្មីបានកើតមានឡើង ក្រោយការផ្អាកប្រយុទ្ធគ្នាក្នុងបទឈប់បាញ់រយៈពេល៧ថ្ងៃ រវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស បានបញ្ចប់កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ ប្រជាពលរដ្ឋនិយាយថា ការទម្លាក់គ្រាប់បែកពីយន្តហោះសង្គ្រាម និងកាំភ្លើងធំបានផ្ដោតលើទីក្រុងនានានៃទីក្រុង Khan Younis និង Rafah។

គេបានលឺសំឡេងយំលាន់ត្រហឹងនៅក្បែរសាកសព នៅលើឥដ្ឋក្នុងមន្ទីរពេទ្យ។ ពុំមានការអត្ថាធិប្បាយភ្លាមៗពីអ៊ីស្រាអែលទេពាក់ព័ន្ធនឹងសកម្មភាពយោធានានាដែលត្រូវបានរាយការណ៍។ ក្រសួងសុខាភិបាលហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា មនុស្សជាង១៥.៥២០នាក់ បានស្លាប់ក្នុងសង្គ្រាមជិត២ខែមកនេះ៕ អត្ថបទ៖ សុខមាន
