បន្ទាប់ពីការទម្លាក់គ្រាប់បែក និងការព្រមានឲ្យជម្លៀសចេញពីតំបន់មួយចំនួន ជនភៀសខ្លួន ហ្កាហ្សា មួយចំនួនបានវេចបង្វេចរបស់របររបស់ពួកគេ ហើយឆ្ពោះទៅកាន់ទីក្រុង រ៉ាហ្វា (Rafah) នៅភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃអាទិត្យ ថ្ងៃទី ៣ ធ្នូ ដើម្បីស្វែងរកទីជម្រកថ្មី។
គេបានមើលឃើញក្រុមគ្រួសារជាច្រើនរួមទាំងបង្វេចរបស់របររបស់ពួកគេ នៅលើមធ្យោបាយធ្វើដំណើរអ្វីក៏ដោយ ដែលពួកគេអាចរកបាន ស្របពេលអ្នកផ្សេងទៀតបានប្រើរទេះ ដែលអូសដោយសត្វលា ចាប់ផ្តើមធ្វើដំណើរឆ្ពោះទៅទីក្រុងរ៉ាហ្វា ដើម្បីស្វែងរកទីជម្រក។
គ្រួសារខ្លះបានធ្វើដំណើរដោយថ្មើរជើង ដោយស្ពាយកាបូប និងថង់ផ្លាស្ទិក ជាមួយនឹងសម្ភារចាំបាច់ផ្សេងៗ។ ក្រុមអ្នកស្រុកបាននិយាយថា កងកម្លាំងអ៊ីស្រាអែល បាននិងកំពុងវាយលុកតំបន់ឆ្នេរ ចាប់តាំងពីការបញ្ចប់បទឈប់បាញ់ជាមួយក្រុមហាម៉ាស ដោយការទម្លាក់គ្រាប់បែកផ្តោតលើទីក្រុង Khan Younis និងទីក្រុង Rafah នៅភាគខាងត្បូង។
យោធាអ៊ីស្រាអែលបានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាឱ្យប្រជាជនប៉ាឡេស្ទីនជម្លៀសជាបន្ទាន់ចេញពីតំបន់ចំនួន៦កន្លែង នៅក្នុង និងជុំវិញទីក្រុង Khan Younis ។ អ៊ីស្រាអែលបានបង្ហោះផែនទីដែលបង្ហាញពីជម្រកដែលពួកគេគួរតែទៅភាគខាងលិចនៃទីក្រុង Khan Younis និងភាគខាងត្បូងឆ្ពោះទៅទីក្រុង Rafah នៅព្រំដែនជាមួយប្រទេសអេហ្ស៊ីប៕


