លោក ហូសសាម ខាលីហ្វា (Hossam Khalifa) ប្រធានក្រុមវាយតម្លៃនៅការិយាល័យស្ថិតិកណ្តាលរបស់ប៉ាឡេស្ទីន បាននិយាយថា មន្ទីរពេទ្យចំនួន ៧០ភាគរយនៅតំបន់ហ្កាហ្សាស្ទ្រីប បានបញ្ឈប់ប្រតិបត្តិការបន្ទាប់ពីមានសកម្មភាពយោធាយ៉ាងខ្លាំងក្លានៅក្នុងតំបន់។

លោក ខាលីហ្វា បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអាទិត្យ (០៣ ធ្នូ) ថា សកម្មភាពយោធារបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប បានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញដោយផ្នែក ឬទាំងស្រុងចំពោះលំនៅឋានចំនួន ២៥០.០០០ខ្នង នៃលំនៅឋានសរុបចំនួន ៤០០.០០០ខ្នង។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយនៃចលនាតស៊ូអ៊ីស្លាម ហាម៉ាស បានប្រកាសកាលពីថ្ងៃអាទិត្យថា ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានបណ្តាលឱ្យមនុស្សស្លាប់ជាង ៧០០នាក់ ។

ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សាស្ទ្រីប បានបណ្តាលឱ្យមនុស្សជាង ១៥.០០០នាក់ បានស្លាប់ និងជាង ៤១.០០០នាក់ រងរបួស។ ក្នុងចំណោមអ្នកស្លាប់ និងរបួសទាំងនោះ មានចំនួន ៧០ភាគរយជាស្ត្រី និងកុមារ ខណៈបុគ្គលិកថែទាំសុខភាពចំនួន ២៨១នាក់ បានបាត់បង់ជីវិត នេះបើយោងតាមក្រសួងសុខាភិបាលនៅហ្កាហ្សា កាលពីថ្ងៃអាទិត្យ។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) និងក្រុមហាម៉ាស បានបន្តអរិភាពឡើងវិញ បន្ទាប់ពីបទឈប់បាញ់រយៈពេលមួយសប្តាហ៍បានបញ្ចប់កាលពីថ្ងៃសុក្រ ដោយភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់មុនពេលវាបញ្ចប់៕
