សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី ២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី ៤១ ក្រោមប្រធានបទ «ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌» នៅព្រឹកថ្ងៃទី៤ ខែធ្នូនេះបានអំពាវនាវដល់ភាគីពាក់ព័ន្ធ ត្រូវបង្កើនការធ្វើវិយោគទុនលើជនមានពិការភាព និងបន្តកសាងធនធានជនមានពិការភាពបន្ថែមទៀត រាប់ទាំងការគិតគូរកម្មវិធីសិក្សា ប្រកបដោយនវានុវត្តន៍ និងរស់រវើក។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធពិធីអបអរសាទរ ទិវាជនមានពិការភាពនៅព្រឹកនេះ សម្ដេចបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាមានមោទកភាពដោយបានចូលរួមរៀបចំប្រារព្ធទិវាដ៏ឱឡារិកនេះជាមួយប្រជាជាតិទូទាំងពិភពលោក ជាការអបអរសាទរចំពោះជោគជ័យថ្មីៗ នៃវិស័យពិការភាពដែលបង្ហាញពីឆន្ទៈដ៏មុះមុត និងយកចិត្តទុកដាក់របស់រដ្ឋាភិបាល នៃប្រទេសនីមួយៗ ជាប្រទេសហត្ថលេខីនៃអនុសញ្ញាស្ដីពីសិទ្ធិជនមានពិការភាព ដើម្បីបន្តលើកស្ទួយសុខុមាលភាព និងលើកកម្ពស់សិទ្ធិជនមានពិការគ្រប់រូបដោយ មិនមានការរើសអើងពណ៌សម្បុរ សាសនា ឋានៈ និង និន្នាការនយោបាយអ្វីឡើយ។

សម្ដេចធិបតីថ្លែងថា «ត្រូវបង្កើនការធ្វើវិយោគទុនលើជនមានពិការភាព និងបន្តកសាងធនធានជនមានពិការភាពបន្ថែមទៀត រាប់ទាំងការគិតគូរកម្មវិធីសិក្សា ប្រកបដោយនវានុវត្តន៍ និងរស់រវើក ដើម្បីធានាថាជនមានពិការភាពអាចរស់នៅក្នុងសង្គមកម្ពុជា ដោយសមធម៌ មានឱកាសប្រកួតប្រជែងទាំងនៅក្នុងប្រទេស តំបន់ និងសកលលោក»។

សម្ដេចធិបតីបញ្ជាក់ថា ឆ្នាំ២០២៣នេះកម្ពុជាបានជ្រើសរើសយកប្រធានបទគន្លឹះមួយ ក្នុងគោលដៅជំរុញឱ្យមានការ គិតគូរសមស្រប ដើម្បីសង្គមមួយសម្រាប់យើងទាំងអស់គ្នា ក្នុងឋានៈកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍប៉ុន្តែមានការយកចិត្តទុកដាក់ក្នុងយុទ្ធសាស្ត្រនយោបាយយ៉ាងជាក់លាក់ សម្រាប់ការដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់ធ្វើយ៉ាងណាដើម្បីឈានទៅសម្រេចឱ្យខានតែបាននូវដំណោះស្រាយប្រកបដោយនវានុវត្តន៍ ពោលគឺការធ្វើឱ្យចេញជារូបរាងផាសុកវត្ថុសម្រាប់ជនមានពិការភាពតាមលទ្ធភាពដែលអាចធ្វើទៅបាននៅទូទាំងប្រទេស ព្រោះផាសុកវត្ថុ គឺជាការបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាពចូលរួមគ្រប់សកម្មភាពក្នុងសង្គមការប្រកួតប្រជែងសមត្ថភាពប្រកបដោយការច្នៃប្រឌិត ស្មើភាព និងតាមតម្រូវការជាក់ស្តែង៕ អត្ថបទ៖ វ៉ន ដារ៉ា



