ថ្លែងក្នុងពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងជនមានពិការភាពអន្តរជាតិ លើកទី៤១ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី បានឱ្យដឹងថា កន្លងមកមានជនមានពិការភាពជាច្រើនត្រូវបានស្ថាប័នពាក់ព័ន្ធនានាទទួល ឱ្យចូលបម្រើការងារបានជាច្រើនពាន់នាក់។
ឯកឧត្ដមបញ្ជាក់បន្ថែមថា នៅក្នុងឆ្នាំ២០២៣ នេះ មានជនមានពិការភាពជាង ៧០០០ នាក់ ត្រូវបាន ស្ថាប័នរដ្ឋ និងឯកជនទទួលឱ្យចូលបម្រើការងារ។
ឯកឧត្ដមរដ្ឋមន្ត្រីបានរម្លឹកឱ្យដឹងបន្ថែមថា កន្លងមកនៅអំឡុងពិភពលោកប្រឈមចួបនឹងវិបត្តិនានា រាជរដ្ឋាភិបាលក៏បានបង្កើនការយកចិត្តទុកដាក់ចំពោះជនមានពិការភាពនៅកម្ពុជាផងដែរ ជាពិសេស ការផ្ដល់សាច់ប្រាក់ជូនជនមានពិការភាព និងក្រុមគ្រួសារ ដើម្បីលំនឹងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។
ឆ្នាំ២០២៣ នេះ កម្ពុជាបានប្រារព្ធពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងជនមានពិការភាពអន្តរជាតិលើកទី៤១ ក្រោមប្រធានបទ«ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌»៕ ដោយ៖ គង់ ឌិន
