មានប្រសាសន៍ក្នុងពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងជនមានពិការភាពអន្តរជាតិ លើកទី៤១ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធជួយជំរុញ និងផ្ដល់សេវាយុត្តិធម៌ជូនជនមានពិការភាពឱ្យបានកាន់តែប្រសើរ ថែមទៀត។

សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ការផ្ដល់សេវាយុត្តិធម៌ជូនជនមានពិការភាព កាន់តែប្រសើរ គឺដើម្បីការរស់នៅប្រកបដោយសមធម៌ទាំងអស់គ្នា។
ថ្លែងនៅក្នុងពិធីនោះដែរ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ជា សុមេធី បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជា មានជនមានពិការភាពជាង ៥ ភាគរយនៃប្រជាជនសរុប។

ឯកឧត្ដមរម្លឹកឱ្យដឹងបន្ថែមថា ឆ្នាំ២០២៣ នេះ កម្ពុជាបានប្រារព្ធពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជា លើកទី២៥ និងជនមានពិការភាពអន្តរជាតិ លើកទី៤១ ក្រោមប្រធានបទ«ដំណោះស្រាយប្រកប ដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌»៕ ដោយ៖ គង់ ឌិន



