យោធាចិននៅថ្ងៃចន្ទទី៤ធ្នូនេះ បាននិយាយថា នាវាប្រយុទ្ធរបស់អាមេរិកមួយគ្រឿង បានចូលដែនទឹកដោយខុសច្បាប់ នៅជាប់នឹងតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ដែលជាតំបន់មានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង។
អ្នកនាំពាក្យប្រតិបត្តិការនៃទីបញ្ជាការសម្របសម្រួលខាងត្បូងចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិក បានធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់យ៉ាងធ្ងន់ធ្ងរ។
អ្នកនាំពាក្យរូបនេះក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកមានចេតនារំខានដល់សមុទ្រចិនខាងត្បូង និងបានបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់ចិន។

ប្រទេសចិនកំពុងមានជម្លោះជាមួយប្រទេសជិតខាងមួយចំនួនជុំវិញការអះអាងសិទ្ធិគ្រប់គ្រងដែនទឹកដ៏ធំក្នុងសមុទ្រចិនខាងត្បូង។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប្រទេសចិន បានប្រឈម ដាក់គ្នាជាច្រើនជាមួយនាវាហ្វីលីពីន ហើយក៏បានតវ៉ាផងដែរចំពោះនាវាអាមេរិក ដែលកំពុងល្បាតនៅតំបន់ជម្លោះ។
អ្នកនាំពាក្យខាងលើបាននិយាយថា កងទ័ពរំដោះប្រជាជនចិនបានរៀបចំកងទ័ពដែនសមុទ្រដើម្បីតាមដាន និងត្រួតពិនិត្យនាវាអាមេរិក ហើយថា កងទ័ពរបស់ខ្លួននៅទីបញ្ជាការសម្របសម្រួលនេះ មានការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា ដើម្បីការពារអធិបតេយ្យភាពជាតិយ៉ាងម៉ឺងម៉ាត់៕
