មេដឹកនាំកោះតៃវ៉ាន់ លោកស្រី សៃ អ៊ីងវ៉ិន (Tsai Ing-wen) បានអំពាវនាវដល់បណ្ដាអ្នកបោះឆ្នោតកាលពីថ្ងៃអាទិត្យ (០៣ ធ្នូ) ឱ្យគិតអំពីអ្វីដែលបានកើតឡើងចំពោះទីក្រុងហុងកុង ដែលគ្រប់គ្រងដោយប្រទេសចិន នៅពេលពួកគេធ្វើការបោះឆ្នោតនៅខែក្រោយ ដោយនិយាយថា សន្តិភាពត្រូវតែគាំទ្រដោយការប្តេជ្ញាចិត្តដើម្បីបង្កើនការការពារ។
លោកស្រី សៃ បាននិយាយថា «ខ្ញុំចង់សួរអ្នកទាំងអស់គ្នានៅទីនេះថា តើមានអ្នកណាចង់បានសង្រ្គាមដែរទេ? គឺមិនមាននោះទេ។ ក្រឡេកមើលហុងកុង ហើយគិតពីតៃវ៉ាន់វិញ យើងមិនចង់បានសន្តិភាពតាមបែបហុងកុងនោះទេ យើងចង់បានសន្តិភាពបែបថ្លៃថ្នូរ»។

កោះតៃវ៉ាន់រៀបចំសម្រាប់ការបោះឆ្នោតមេដឹកនាំ និងសភា នៅថ្ងៃទី១៣ ខែមករា ខណៈប្រទេសចិន ដែលអះអាងសិទ្ធលើកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមួយនេះ បង្កើនសម្ពាធយោធាដើម្បីអះអាងការទាមទាររបស់ខ្លួន រួមទាំងល្បែងសង្រ្គាមធំចំនួនពីរនៅជុំវិញកោះនេះកាលពីមួយឆ្នាំកន្លះមុន។
ប្រទេសចិន និងគណបក្សប្រឆាំងដ៏សំខាន់របស់កោះតៃវ៉ាន់ គឺគណបក្សគូមីនតាំង (KMT) បានបោះឆ្នោតជ្រើសរើសជាជម្រើសរវាងសង្រ្គាម និងសន្តិភាព។ ប្រទេសចិន មិនពេញចិត្តគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ដែលកំពុងកាន់អំណាចរបស់កោះតៃវ៉ាន់ និងបេក្ខភាពមេដឹកនាំបន្ទាប់របស់ខ្លួន គឺមេដឹកនាំលំដាប់ទី២ លោក ឡៃ ឈីងតេ (Lai Ching-te) នោះទេដោយហៅពួកគេថាជាអ្នកផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់។
ទីក្រុងហុងកុង ដែលជាអតីតអាណានិគមរបស់អង់គ្លេស ត្រូវបានត្រលប់ទៅក្រោមការគ្រប់គ្រងរបស់ចិនវិញនៅឆ្នាំ១៩៩៧ ជាមួយនឹងការសន្យានៃស្វ័យភាពធំទូលាយក្រោមក្របខណ្ឌ «ប្រទេសមួយ ប្រព័ន្ធពីរ» ដែលចិនក៏បានផ្តល់ជូនកោះតៃវ៉ាន់ផងដែរ ដោយមានការគាំទ្រតិចតួចប៉ុណ្ណោះសម្រាប់កោះនេះ៕
