អ្នកស្រី Ilham Majid កំពុងអធិស្ឋាន នៅពេលដែលគ្រាប់បែក បានធ្លាក់មកលើផ្ទះរបស់ខ្លួននៅតំបន់ហ្កាហ្សា ហើយប្តីរបស់អ្នកស្រី ទើបតែរកឃើញប៉ុន្មានម៉ោង ក្រោយមកនៅក្រោមគំនរបាក់បែក នៅមានជីវិត ប៉ុន្តែបានរងរបួស យ៉ាងធ្ងន់ធ្ងរ។

អ្នកស្រី គឺជាមនុស្សសំណាងម្នាក់ ក្នុងចំណោមសមាជិកគ្រួសារ ១៧នាក់ផ្សេងទៀត រួមទាំងកូនពីរនាក់របស់នាងផងដែរ ត្រូវបានសម្លាប់ នៅក្នុងការវាយឆ្មក់ កាលពីថ្ងៃទី៣១ ខែតុលា នៅក្នុងជំរំជនភៀសខ្លួន Jabalia នៅតំបន់ហ្កាហ្សាភាគខាងជើង ជាកន្លែងដែលអ៊ីស្រាអែល បានប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស់ បន្ទាប់ពីការវាយប្រហារដ៏សាហាវ កាលពីដើមខែនោះ។
ឥឡូវនេះ ដូចជាជនជាតិប៉ាឡេស្ទីនមួយចំនួនទៀតមកពីតំបន់ហ្កាហ្សាស្ទ្រីប អ្នកស្រី Majid កំពុងទទួលការព្យាបាល នៅអេហ្ស៊ីប។

អ្នកស្រី Majid មានវ័យ៤២ឆ្នាំរូបនេះ បានរំលឹកពីគ្រែមន្ទីរពេទ្យរបស់អ្នកស្រី នៅឯមន្ទីរពេទ្យ Nasser ទីក្រុងគែរថា៖«ភ្លាមៗនោះខ្ញុំមានអារម្មណ៍ថា ផ្ទះបានដួលរលំ។ ផ្ទះមានបីជាន់នេះ បានដួលរលំសង្កត់លើខ្ញុំ»។
ខ្ញុំត្រូវគ្រាប់ពេញខ្លួនប្រាណ។ ថ្លើមខ្ញុំត្រូវរបួស ជើង ឆ្អឹងជំនី និងថ្គាមខ្ញុំ បាក់អស់។ ខ្ញុំដើរមិនរួច»។
អ្នកស្រី Majid បាននិយាយថា ប្តីរបស់ខ្លួន បានរកឃើញខ្លួនជាប់នៅក្រោមគំនរបាក់បែកនៃផ្ទះនោះ ដោយចៃដន្យ រយៈពេល៤ម៉ោងកន្លះក្រោយមក ដោយសារម្រាមដៃរបស់ខ្លួន បានលៀនចេញពីគំនរបាក់បែក។