បណ្ដាមេដឹកនាំមូស្លីមអាមេរិក នៅក្នុងរដ្ឋសំខាន់ៗជាច្រើនបានសន្យាថានឹងប្រមូលផ្តុំសហគមន៍របស់ពួកគេប្រឆាំងនឹងការប៉ុនប៉ងរបស់លោកប្រធានាធិបតី Joe Biden សម្រាប់ការចូលរួមការបោះឆ្នោតអាណត្តិទី២ ដោយសារតែជំហរគាំទ្រយ៉ាងម៉ុតមាំរបស់លោក ចំពោះសង្គ្រាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។

យុទ្ធនាការ #AbandonBiden បានចាប់ផ្តើមនៅពេលដែលជនជាតិអាមេរិកកាន់សាសនាអ៊ីស្លាមនៅរដ្ឋមីនីសូតា(Minnesota)ទាមទារឱ្យលោក Biden អំពាវនាវឱ្យមានបទឈប់បាញ់ត្រឹមថ្ងៃទី ៣១ ខែតុលា បានរាលដាលដល់រដ្ឋ Michigan, Arizona, Wisconsin, Pennsylvania និង Florida ។

ក្រុមនេះបានប្រាប់សារព័ត៌មានអាមេរិក Axios នៅក្នុងសេចក្តីថ្លែងការណ៍មួយថាសន្និសីទ #AbandonBiden 2024 នេះគឺប្រឆាំងការប្រឹងប្រែងនៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ នាពេលខាងមុខ និងការសម្រេចចិត្តដកការគាំទ្រពីលោកប្រធានាធិបតី Biden ដោយសារតែរូបលោកពុំមានឆន្ទៈក្នុងការអំពាវនាវឱ្យមានបទឈប់បាញ់ និងការពារជនស្លូតត្រង់នៅប៉ាឡេស្ទីន និងអ៊ីស្រាអែល ។

ការប្រឆាំងពីប្រជាពលរដ្ឋអាមេរិកមូស្លីម និងអារ៉ាប់ដ៏ធំរបស់ពួកគេ អាចបង្កបញ្ហាប្រឈមចំពោះអនាគតនៃក្ដីរំពឹងការជាប់ឆ្នោតរបស់លោកប្រធានាធិបតីរូបនេះ នៅក្នុងការបោះឆ្នោតនាពេលខាងមុខ។
ប្រធានាធិបតី និងអនុប្រធានាធិបតីអាមេរិក ត្រូវបានជ្រើសរើសដោយក្រុម អ្នកបោះឆ្នោតនៅសភា ដែលត្រូវបានជ្រើសរើសក្នុងករណីភាគច្រើនដោយគណបក្សនយោបាយនៅក្នុងរដ្ឋនោះ៕