ជនមានពិការភាព និងមន្រ្តីបម្រើអង្គការសកម្មភាពលើពិការភាព និងអភិវឌ្ឍ ហៅកាត់ ADD International លើកឡើងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើការផ្តល់ឱកាសការងារជូនជនមានពិការភាព។
ស្របពេលនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលរៀបចំប្រារព្ធទិវាជនមានពិការភាពកម្ពុជា លើកទី២៥ និង ទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ ក្រោមប្រធានបទ «ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌» មានជនមានពិការភាព និងមន្រ្តីទទួលបន្ទុកលើកិច្ចការសិទ្ធិជនមានពិការភាព បានប្រាប់BTV News ឲ្យដឹងថា ផ្អែកលើផ្នត់គំនិត និងការគាំទ្រ រួមទាំងលើកទឹកចិត្តពីរាជរដ្ឋាភិបាលបានធ្វើឲ្យការចូលរួមរបស់ជនមានពិការភាពកាន់តែច្រើនជាងមុនក្នុងសកម្មភាពសង្គម និងការងារទូទៅក្នុងស្ថាប័នរដ្ឋ និងឯកជន។
លោក ផាន សុផល ជនមានពិការភាព និងជាជំនួយការគម្រោងរួមគ្នាដើម្បីផ្លាស់ប្ដូររបស់អង្គការ ADD បានលើកឡើងថា ក្នុងសកម្មភាពការងារប្រចាំថ្ងៃរវាងជនមានពិការភាព គឺមានការទទួលស្គាល់ និងលើកទឹកចិត្ត ហើយផ្តល់ឱកាសកាន់តែប្រសើរ ដែលនេះឆ្លុះបញ្ចាំងចំពោះការបញ្ឈប់ការរើសអើងចំពោះជនពិការ។
ជាមួយគ្នា មន្ត្រីទទួលបន្ទុកលើកិច្ចការនៃសិទ្ធិរបស់ជនមានពិការភាពបានសមនតែងការពេញចិត្ត និងគាំទ្រចំពោះការដាក់ចេញនូវគោលនយោបាយទាំងឡាយរបស់រាជរដ្ឋាភិបាលជូនជនមានពិការភាពក្នុងការផ្ដល់ឱកាសឲ្យពួកគេបានចូលរួមក្នុងការបង្ហាញសមត្ថភាព និងលទ្ធភាពទាំងវិស័យរដ្ឋ និងឯកជន។
នៅក្នុងឆ្នាំ២០២៣ នេះ មានជនមានពិការភាពជាង ៧០០០នាក់ ត្រូវបាន ស្ថាប័នរដ្ឋ និងឯកជនទទួលឱ្យចូលបម្រើការងារ ខណៈរាជរដ្ឋាភិបាលបានបន្តលើកទឹកចិត្តដល់ស្ថាប័ននានាត្រូវចូលរួមលើកកម្ពស់ស្មារតី និងសមត្ថភាពរបស់ពួកគេធានានូវការធ្វើបរិយាប័ន្នសម្រាប់ជនមានពិការភាព៕ អត្ថបទ៖ សេក ឧត្តម