បាល់ទាត់៖ អតីតអ្នកចាត់ការក្លិបអ៊ីតាលីលោក Paulo Fonseca ត្រូវបានគេដឹងថា ឈានដល់កិច្ចព្រមព្រៀងក្នុងការផ្លាស់មកដឹកនាំក្លិបអង់គ្លេស Tottenham Hotspur ហើយជាមួយនឹងគំរោងកិច្ចសន្យា ៣ឆ្នាំ។
Spurs បាននឹងកំពុងស្វែងរកអ្នកចាត់ការផ្លូវការរបស់ខ្លួន តាំងពីបណ្តេញចេញលោក Jose Mourinho ដែលបច្ចុប្បន្នផ្លាស់មកដឹកនាំ AS Roma ជំនួសលោក Fonseca។ Spurs ត្រូវបានដឹកនាំបណ្តោះអាសន្នដោយលោក Ryan Mason តាំងពីខែមេសា។ តាមពិតទៅដំបូងអតីតអ្នកចាត់ការ Inter Milan លោក Antonio Conte ទេដែលជាបេក្ខភាពឈានមុខគេ ក្នុងការមកដឹកនាំក្លិបនៅទីក្រុងឡុងដ៍មួយនេះតែការចរចាមិនត្រូវរ៉ូវគ្នា។
រំលឹកថា លោក Paulo Fonseca បច្ចុប្បន្នវ័យ ៤៨ឆ្នាំធ្លាប់បានដឹកនាំ Shakhtar Donetsk ឈ្នះពានលីគកំពូលអ៊ុយក្រែន ៣រដូវកាលជាប់គ្នា មុននឹងផ្លាស់មកកាន់ AS Roma ដឹកនាំក្រុមនៅទីក្រុងរ៉ូមមួយនេះឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League មុនពេលចាកចេញកាលពីខែឧសភាកន្លងទៅ៕
អត្ថបទ៖នាង សុភាវុធ