យោធាសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យថា នាវាពាណិជ្ជកម្មចំនួន៣គ្រឿង បានរងការវាយប្រហារនៅក្នុងដែនទឹកអន្តរជាតិ នៅសមុទ្រក្រហមភាគខាងត្បូង ខណៈក្រុមហួធី(Houthi) នៅប្រទេសយេម៉ែន បានអះអាងពីការវាយប្រហារដោយយានដ្រូន និងមីស៊ីលទៅលើនាវាអ៊ីស្រាអែលពីរគ្រឿងនៅក្នុងតំបន់នោះ។

យោងតាមទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបានឲ្យដឹងថា នាវា Carney ជានាវាពិឃាតរបស់អាមេរិក បានឆ្លើយតបទៅនឹងការអំពាវនាវភាពអាសន្ន និងបានផ្តល់ជំនួយ បន្ទាប់ពីមានការបាញ់មីស៊ីល និងការវាយប្រហារដោយយានដ្រូន ចេញពីដែនដីគ្រប់គ្រងដោយក្រុមហួធី(Houthi)។
ចលនាក្រុមហួធី(Houthi) នៅប្រទេសយេម៉ែន បាននិយាយថា កងទ័ពជើងទឹករបស់ខ្លួន បានវាយប្រហារទៅលើនាវាអ៊ីស្រាអែលពីរគ្រឿង គឺនាវា Unity Explorer និងនាវា Number 9 ដោយប្រើប្រាស់យានដ្រូនប្រដាប់អាវុធ និងមីស៊ីលកងទ័ពជើងទឹក។

អ្នកនាំពាក្យយោធារបស់ក្រុមនេះ បាននិយាយថា នាវាទាំងពីរគ្រឿង គឺជាគោលដៅបន្ទាប់ពីនាវាមិនស្តាប់ការព្រមាន។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយ អ្នកនាំពាក្យបាននិយាយថា ការវាយប្រហារនេះគឺដើម្បីឆ្លើយតបទៅនឹងការទាមទាររបស់ប្រជាជនយេម៉ែន និងការអំពាវនាវពីបណ្តាប្រទេសអ៊ីស្លាម ឱ្យឈរជាមួយពលរដ្ឋប៉ាឡេស្ទីន។ យោធាអាមេរិក បាននិយាយថា នាវា Carney បានបាញ់ទម្លាក់យានដ្រូន៣គ្រឿង ខណៈខ្លួនបានជួយនាវាពាណិជ្ជកម្ម។ ការវាយប្រហារនេះគឺជាការគំរាមកំហែងដល់ពាណិជ្ជកម្មអន្តរជាតិ។ សេចក្តីថ្លែងការណ៍ និយាយថា យើងក៏មានហេតុផលដើម្បីជឿថា ការវាយប្រហារទាំងនេះ ចាប់ផ្តើមដោយក្រុមហួធី(Houthis) នៅប្រទេសយេម៉ែន ត្រូវបានជំរុញយ៉ាងពេញលេញដោយប្រទេសអ៊ីរ៉ង់។
សេចក្តីថ្លែងការណ៍និយាយថា សហរដ្ឋអាមេរិកនឹងពិចារណាការឆ្លើយតបសមស្របទាំងអស់ នៅក្នុងការសម្របសម្រួលពេញលេញជាមួយសម្ព័ន្ធមិត្តអន្តរជាតិ និងដៃគូរបស់ខ្លួន។
អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោកឧត្តមនាវីឯក Daniel Hagari បាននិយាយថា នាវាទាំងពីរគ្រឿង មិនជាប់ទំនាក់ទំនងអ្វីជាមួយអ៊ីស្រាអែលនោះទេ។