កម្ពុជា-វៀតណាម ប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ឆ្លងដែនតាម QR Code ជាផ្លូវការ ដើម្បីផ្តល់ភាពងាយស្រួលដល់ ប្រជាពលរដ្ឋប្រទេសទាំងពីរ សម្រាប់ប្រតិបត្តិការទូទាត់ឆ្លងដែន។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកជំទាវ Nguyen Thi Hong ទេសាភិបាលធនាគាររដ្ឋវៀតណាមនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំ និងការប្រកាសដាក់ ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ឆ្លងដែន តាម ឃ្យូអរកូត (QR Code) ជាផ្លូវការ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយម វៀតណាម នៅខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។ ដោយកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំ២០២៣ នេះ ត្រូវបានរៀបចំក្នុងគោល បំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ សំដៅរួមចំណែកអភិវឌ្ឍវិស័យធនាគារនៅក្នុងប្រទេសទាំងពីរ។ ក្នុងស្មារតីកិច្ចសហ-ប្រតិបត្តិការកាន់តែប្រសើរ ការផ្លាស់ប្តូរយោបល់ពីស្ថានភាពសេដ្ឋកិច្ច នយោបាយ រូបិយវត្ថុ និងដំណើរការអភិវឌ្ឍន៍វិស័យធនាគារ នៃប្រទេសទាំងពីរផងដែរ។

ក្នុងឱកាសនេះដែរ ទេសាភិបាលនៃធនាគារកណ្តាលនៃប្រទេសទាំងពីរ ក៏បានអញ្ជើញជាអធិបតី ប្រកាសដាក់ឱ្យប្រើ ប្រាស់ប្រព័ន្ធទូទាត់ឆ្លងដែនតាម QR Code ជាផ្លូវការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមវៀតណាមផងដែរ។ តាមរយៈគម្រោងតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន ដែលប្រកាសដាក់ឱ្យប្រើប្រាស់នាថ្ងៃនេះ ប្រជាជនកម្ពុជាដែលមានគណនី ធនា គារជាប្រាក់រៀល អាចប្រើប្រាស់កម្មវិធីធនាគារចល័ត ក្នុងប្រតិបត្តិការទូទាត់ជាប្រាក់ដុងវៀតណាម ដោយស្កេន Viet QR Code របស់ ពាណិជ្ជករ ឬនៅតាមបណ្តាហាងទំនិញ-សេវាកម្ម នៅប្រទេសវៀតណាម ។ ដូចគ្នានេះដែរ ប្រជាជនវៀតណាមដែលមានគណនីធនាគារ ជាប្រាក់ដុងវៀតណាម ក៏អាចស្កេនខេអេចឃ្យូអរកូត (KHQR Code) របស់ពាណិជ្ជករ ឬនៅតាមហាងទំនិញ-សេវាកម្មនៅប្រទេស កម្ពុជា ដោយប្រើប្រាស់កម្មវិធីធនាគារចល័ត ដើម្បីទូទាត់ថ្លៃទំនិញឬសេវាកម្មជាប្រាក់រៀលផងដែរ។

សូមបញ្ជាក់ថា ពិធីនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការដ៏រឹងមាំ និងជិតស្និទរវាងធនាគារកណ្តាលនៃប្រទេសទាំងពីរ បន្ទាប់ពីបាន ចុះអនុស្សរណៈយោគយល់ស្តីពី “កិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់” រវាងធនាគារ ជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាម កាលពីថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់នាយករដ្ឋមន្រ្តី នៃប្រទេសទាំងពីរ នៅវិមានសន្តិភាព រាជធានីភ្នំពេញ៕ អត្ថបទ៖ សុន រ៉ាឌី




