មន្ត្រីបាននិយាយនៅថ្ងៃចន្ទនេះថា ក្រុមអ្នកជួយសង្គ្រោះឥណ្ឌូនេស៊ី បានរកឃើញសាកសពមនុស្សចំនួន១១នាក់ ដែលបានស្លាប់ក្នុងអាកាសធាតុមិនអំណោយផល ខណៈឡើងភ្នំភ្លើង នៅកោះ Lombok ។
លោក Arief Toengkagie ប្រធានឧទ្យានជាតិភ្នំ Rinjani បាននិយាយថា អ្នកឡើងភ្នំទាំង១១នាក់បានឡើងភ្នំ Rinjani ទោះបីជាមានការហាមឃាត់មិនឲ្យឡើងភ្នំ ចាប់តាំងពី ខែ មករា មកក៏ដោយ ដោយសារតែមានព្យុះ និងអ័ព្ទក្រាស់។

លោក Toengkagie និយាយថា អ្នកទាំងនេះ បានស្លាប់ដោយសារការស្រេកឃ្លាន។ សាកសពរបស់ពួកគេត្រូវបានគេរកឃើញកាលពីថ្ងៃអាទិត្យ ហើយអ្នកទាំងនោះត្រូវបានគេគិតថា បានស្លាប់ប្រហែល៥ថ្ងៃមុន។
លោកបានប្រាប់សារព័ត៌មានរ៉យទ័រថា ពួកគេមានសម្ភារៈធ្វើម្ហូប ប៉ុន្តែអស់អាហារ។ វាត្រជាក់ខ្លាំង មានព្យុះ និងចុះអ័ព្ទនៅទីនោះ ។

ភ្នំភ្លើង Lombok នៅភាគខាងកើតកោះបាលី ហើយមានប្រជាប្រិយភាពចំពោះភ្ញៀវទេសចរបរទេស។ លោកនិយាយថា ជនរងគ្រោះទំនងជាបានវិលត្រឡប់មកពីកំពូលភ្នំវិញ នៅពេលដែលពួកគេបានស្លាប់ ហើយត្រូវបានគេរកឃើញនៅចំណុចកណ្តាលនៃភ្នំភ្លើងកម្ពស់ ៣.៧២៦ម៉ែត្រ។
មន្ត្រីដដែលបាននិយាយថា ពួកគេគឺជានិស្សិត ស្នាក់នៅក្នុងសាកលវិទ្យាល័យ ហើយមិនបានប្រាប់សាច់ញាតិអំពីផែនការឡើងភ្នំរបស់ពួកគេនោះទេ។
ភ្នំ Rinjani មានកំពូលភ្នំខ្ពស់បំផុតមួយរបស់ប្រទេសឥណ្ឌូនេស៊ី ហើយវាត្រូវប្រើពេលប្រហែល ៨ ម៉ោងដើម្បីឡើងទៅដល់កំពូលភ្នំក្នុងអាកាសធាតុធម្មតា។ ក្រុមមន្ត្រីសង្គ្រោះ បាននិយាយថាអ្នកឡើងភ្នំ១២នាក់ទៀត នៅបាត់ខ្លួននៅឡើយ។