ភ្នំពេញ ៖ ក្នុងរយៈពេល៣ថ្ងៃ នគរបាលរាជធានីភ្នំពេញ បានរុះរើបែរចិញ្ចឹមត្រី ជិត៨០០បែរ និងផ្ទះបណ្តែតទឹកដែលភាគច្រើនជារបស់វៀតណាមទាំងអស់ ជិត៦០០ខ្នង ខណៈបែរដែលកំពុងមានត្រី អាជ្ញាធរសម្រេចពន្យារពេលរហូតដល់ត្រីបានផលទើបឲ្យរុះរើ។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលBTVទទួលបាននៅថ្ងៃទី១៥ ខែមិថុនា នេះ បានឲ្យដឹងថា អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង និងឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងទទួលផែនការងារនគរបាលចរាចរណ៍ជើងទឹក និងផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យ និងអនុវត្តវិធានការរុះរើបែរចិញ្ចឹមត្រី និងផ្ទះបណ្តែតទឹកអនាធិបតេយ្យនៅក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វារ ច្បារអំពៅ មានជ័យ ឫស្សីកែវ និងខណ្ឌព្រែកព្នៅ ដោយការអនុវត្តនេះ ពុំមានការពន្យាពេលនោះឡើយ។
របាយការណ៍ បានបញ្ជាក់បន្ថែមថា នៅគ្រាដែលការអនុវត្តវិធានការរុះរើនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៤ ខែមិថុនា ដោយមានការប្រើប្រាស់កម្លាំងសរុប វិធានការសរុប និងមធ្យោបាយសរុប របស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ។ នៅក្នុងអំឡុង នៃការចុះអនុវត្តវិធានការរុះរើពុំឃើញមានការតវ៉ា ឬប្រឆាំងណាមួយ ពីសំណាក់អ្នកដែលរស់នៅខុសច្បាប់នៅលើផ្ទៃទឹកនោះដែរ ផ្ទុយទៅវិញ ពួកគេ បានចូលរួមអនុវត្តតាមការណែនាំរបស់អាជ្ញាធរ នៅគ្រាដែលរដ្ឋបាលរាជធានីភ្នំពេញ បានព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះជនណាមិនអនុវត្តតាមនោះ។
ឧត្តមសេនីយ៍ទោ ចេវ ហាក់ បានឱ្យដឹងថា «ចំពោះបែរចិញ្ចឹមត្រីណា ដែលមានត្រី គឺតម្រូវឱ្យនាំយកមកប្រមូលផ្តុំតែមួយកន្លែងក្នុងខណ្ឌព្រែកព្នៅ ដោយរង់ចាំអនុវត្តវិធានការបន្ត ។ ដោយឡែកចំពោះបែរចិញ្ចឹមត្រី ដែលគ្មានត្រីចិញ្ចឹមត្រូវរុះរើចោលភ្លាមៗ ដោយមិនអនុគ្រោះនោះឡើយ»។
រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចកាលពីថ្ងៃទី០២ ខែមិថុនានវ តម្រូវឱ្យអ្នករស់នៅ និងប្រកបរបរលើផ្ទៃទឹកទន្លេ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រុះរើ ឬចល័តផ្ទះបណ្តែតទឹក បែរចិញ្ចឹមត្រី និងសំណង់មិនរៀបរយឱ្យអស់ ដោយទុករយៈពេល៧ថ្ងៃ។ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការរស់នៅនិងប្រកបមុខរបរលើផ្ទៃទឹកទន្លេបែបអនាធិបតេយ្យនេះ បានបង្កឱ្យរងផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី ចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាស វាលពាស កាលក្នុងទន្លេ ធ្វើឱ្យខូចខាតធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន ប៉ះពាល់សោភ័ណភាពរាជធានីភ្នំពេញ និងព្រមទាំងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដែលប្រើប្រាស់ទឹកមិនស្អាតផងដែរ។ ក្នុងអំឡុងពេល នៃការចុះអនុវត្តឱ្យរុះរើនោះផងទៀត គឺរដ្ឋបាលរាជធានីភ្នំពេញ មិនទទួលខុសត្រូវរាល់ការខូចខាត ឬបាត់បង់ណាមួយនោះឡើយ ហើយក្នុងករណីរឹងរូស អាជ្ញាធរ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ ៖ បាន ចក់



