
នគរបាលបាននិយាយថា មនុស្សជាង ២០.០០០នាក់ បានតវ៉ានៅក្នុងរដ្ឋធានីរបស់ប្រទេសបែលហ្ស៊ិក កាលពីថ្ងៃអាទិត្យ (០៣ ធ្នូ) ទាមទារឱ្យមានសកម្មភាពបន្ថែមទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងការឡើងកម្ដៅផែនដី ខណៈដែលប្រតិភូមកពីប្រទេសចំនួន ២០០ប្រទេស កំពុងជួបប្រជុំគ្នានៅទីក្រុងឌុយបៃ សម្រាប់សន្និសីទស្តីពីអាកាសធាតុ COP28 របស់អង្គការសហប្រជាជាតិ។
ក្រុមអ្នកតវ៉ាបានដើរក្បួនអមដោយសំឡេងស្គរ និងគ្រវីបដាដោយសរសេរថា «ធ្វើសកម្មភាពឥឡូវនេះ (ACT NOW) » ដែលអក្សរ «O» ក្នុងបដានោះរចនាឡើងស្រដៀងនឹងផែនដីកំពុងឆេះ ព្រមទាំងកាន់ផ្លាកសរសេរថា «មិនមានភពបម្រុងសម្រាប់មនុស្សនោះទេ»។
នៅទីក្រុងឌុយបៃ កាលពីថ្ងៃអាទិត្យ កិច្ចប្រជុំកំពូលអាកាសធាតុ COP បានផ្តោតលើបម្រែបម្រួលអាកាសធាតុ ដែលជំរុញឱ្យមានបញ្ហា និងជំងឺកាន់តែច្រើន ដោយប្រទេសម្ចាស់ផ្ទះ អារ៉ាប់រួម និងអង្គការសប្បុរសធម៌ បានសន្យាថានឹងផ្តល់ប្រាក់ចំនួន ៧៧៧លានដុល្លារ ដើម្បីលុបបំបាត់ជំងឺត្រូពិច ដែលមិនត្រូវបានយកចិត្តទុកដាក់ ហើយដែលរំពឹងថានឹងកាន់តែអាក្រក់ទៅៗ។
កិច្ចខិតខំប្រឹងប្រែងកំពុងមានភាពយឺតយ៉ាវក្នុងការសម្រេចបានគោលដៅកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ២០១៥ ក្នុងការរក្សាសីតុណ្ហភាពពិភពលោកឱ្យឡើងក្រោម ២អង្សារសេ ជាកម្រិតដែលអ្នកវិទ្យាសាស្ត្រព្រមានថាមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើអាកាសធាតុ សុខភាព និងកសិកម្ម ក្នុងចំណោមបញ្ហាដទៃជាច្រើនផ្សេងទៀត៕