
ទោះបីជាអ៊ីស្រាអែល ព្យាយាមសង្គ្រោះចំណាប់ថ្នូរតាមរយៈការចរចាដោយប្រយោលជាមួយក្រុមហាម៉ាស និងប្រតិបត្តិការកងទ័ពនៅតំបន់ហ្កាហ្សាស្ទ្រីប ក៏ដោយ ក៏រដ្ឋជី្វហ្វមួយនេះបានកំពុងប្រកាសថាអ្នកបាត់ខ្លួនមួយចំនួនបានស្លាប់ដោយកំបាំងមុខនៅក្នុងការជាប់ឃុំ ដែលជាវិធានការមួយត្រូវបានបង្កើតឡើងដើម្បីផ្ដល់ការសន្និដ្ឋានបិទបញ្ចប់ដល់សាច់ញាតិដែលមានការព្រួយបារម្ភ។
គណៈកម្មាធិការវេជ្ជសាស្ត្រដែលសមាជិក ៣រូប កំពុងពិនិត្យមើលវីដេអូពីការវាយលុកកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមខ្មាន់កាំភ្លើងជនជាតិប៉ាឡេស្ទីនដឹកនាំដោយក្រុមហាម៉ាស នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដើម្បីរកសញ្ញានៃអ្នករងគ្រោះក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួន និងយោងជាមួយសក្ខីកម្មនៃចំណាប់ថ្នូរដែលត្រូវបានដោះលែងក្នុងអំឡុងពេលមួយសប្តាហ៍នៃបទឈប់បាញ់ហ្កាហ្សា ដែលបានបញ្ចប់កាលពីថ្ងៃសុក្រ។
នោះអាចគ្រប់គ្រាន់ដើម្បីកំណត់ថាចំណាប់ថ្នូរយ៉ាងហោចណាស់ម្នាក់បានស្លាប់ បើទោះបីជាមិនមានវេជ្ជបណ្ឌិតណាមួយបានប្រកាសជាផ្លូវការអំពីរឿងនេះលើសាកសពរបស់អ្នកស្លាប់នោះក៏ដោយ នេះបើយោងតាមលោក ហាហ្គា មីសរ៉ាហី (Hagar Mizrahi) មន្ត្រីក្រសួងសុខាភិបាលដឹកនាំក្រុមបង្កើតឡើងក្នុងការឆ្លើយតបទៅនឹងវិបត្តិនៅពេលនេះ ដែលកំពុងសិ្ថតក្នុងខែទី៣ របស់ខ្លួន។
ក្នុងចំណោមមនុស្ស ២៤០នាក់ ដែលត្រូវបានចាប់ខ្លួន មានមនុស្ស ១០៨នាក់ ត្រូវបានដោះលែងដោយក្រុមហាម៉ាស ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនជាច្រើននាក់ពីអ៊ីស្រាអែល ក៏ដូចជាការជំរុញការដឹកជញ្ជូនជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា។ ចាប់តាំងពីបទឈប់បាញ់បណ្ដោះអាសន្នបានផុតកំណត់ ក្រុមអាជ្ញាធរអ៊ីស្រាអែលបានប្រកាសថាជនស៊ីវិល ៦នាក់ និងវរសេនីយ៍ឯកកងទ័ពម្នាក់បានស្លាប់នៅក្នុងការជាប់ឃុំឃាំង ប៉ុន្តែការប្រកាសនេះមិនត្រូវបានបញ្ជាក់ដោយក្រុមហាម៉ាសទេ៕