
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA រាយការណ៍នៅថ្ងៃច័ន្ទ (០៤ ធ្នូ) នេះថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយការធ្លាក់ចុះនៃអត្រាកើតរបស់ប្រទេស ដោយពណ៌នាបញ្ហាប្រឈមនេះថាជា «កាតព្វកិច្ចថែរក្សាផ្ទះរបស់មនុស្សគ្រប់គ្នា»។
នៅក្នុងព្រឹត្តិការណ៍មួយដែលធ្វើឡើងសម្រាប់អ្នកម្ដាយនៅទីក្រុងព្យុងយ៉ាង កាលពីថ្ងៃអាទិត្យ (០៣ ធ្នូ) លោក គីម បាននិយាយថាប្រទេសជាតិគួរតែ «ធ្វើការជាមួយអ្នកម្តាយ» ដើម្បីការពារអត្រាកើតមិនឱ្យធ្លាក់ចុះ ហើយផ្តោតលើការផ្តល់សេវាថែទាំកុមារល្អ។
វីដេអូពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញពីសាលប្រជុំមួយដែលប្រមូលផ្តុំទៅដោយស្ត្រីស្លៀកពាក់សំលៀកបំពាក់ប្រពៃណីកំពុងអបអរសាទរយ៉ាងក្លៀវក្លាចំពោះលោក គីម នៅក្នុងកិច្ចប្រជុំនោះ។
មូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា កុមារប្រហែល ២នាក់ក្នុងស្រ្តីជាម្ដាយម្នាក់ បានកើតនៅក្នុងប្រទេសកូរ៉េខាងជើង គិតត្រឹមឆ្នាំ២០២៣ ដែលខ្ពស់ជាងប្រទេសជិតខាងមួយចំនួនដែលកំពុងប្រឈមនឹងនិន្នាការធ្លាក់ចុះស្រដៀងគ្នានេះ៕