
នគរបាលហ្វីលីពីនបានកំណត់អត្តសញ្ញាណជនសង្ស័យយ៉ាងហោចណាស់ពីរនាក់ នៅក្នុងការបំផ្ទុះគ្រាប់បែកក្នុងវិហារកាតូលិក ដែលបានសម្លាប់មនុស្ស ៤នាក់ នេះបើយោងតាមប្រមុខនគរបាលក្នុងតំបន់បាននិយាយនៅថ្ងៃច័ន្ទ (០៤ ធ្នូ) នេះដោយប្តេជ្ញាតាមប្រមាញ់អ្នកដែលនៅពីក្រោយការបំផ្ទុះ ដែលត្រូវបានអះអាងដោយពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។
គ្រាប់បែកបានផ្ទុះឡើងកាលពីថ្ងៃអាទិត្យ អំឡុងពេលបម្រើសេវាកម្មនៅឯកន្លែងហាត់ប្រាណនៅសាកលវិទ្យាល័យមួយក្នុងទីក្រុង ម៉ារ៉ាវី (Marawi) ដែលជាទីក្រុងរងការបំផ្លាញក្នុងឆ្នាំ២០១៧ ដោយយុទ្ធនាការយោធារយៈពេលប្រាំខែដើម្បីបញ្ចប់ការកាន់កាប់ដ៏បង្ហូរឈាមដោយក្រុមអ្នកស្មោះត្រង់រដ្ឋអ៊ីស្លាម ដែលបានបង្កឱ្យមានការភ័យព្រួយនៅទូទាំងអាស៊ី។
ប្រមុខនគរបាលប្រចាំតំបន់ លោក អាឡាន ណូប៊លហ្សា (Allan Nobleza) បានប្រាប់សារព័ត៌មាន GMA ថា «យើងបានកំណត់អត្តសញ្ញាណបុគ្គលពាក់ព័ន្ធ ប៉ុន្តែការស៊ើបអង្កេតនៅតែកំពុងបន្ត ហើយដើម្បីកុំឱ្យប៉ះពាល់ដល់ការស៊ើបអង្កេត យើងនឹងមិនបញ្ចេញឈ្មោះឧក្រិដ្ឋជនទាំងនោះឡើយ»។ ដោយបន្ថែមថាជនសង្ស័យម្នាក់ក្នុងចំណោមនោះ មានជាប់ពាក់ព័ន្ធជាមួយក្រុមសកម្មប្រយុទ្ធក្នុងស្រុក។
ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម បានអះអាងទទួលខុសត្រូវចំពោះការទម្លាក់គ្រាប់បែកកាលពីថ្ងៃអាទិត្យនៅសាកលវិទ្យាល័យរដ្ឋ នៅកោះមីនដានណាវ (Mindanao) ភ្លាមៗបន្ទាប់ពីប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បាននិយាយថា «ភេរវករបរទេស» គឺជាអ្នកនៅពីក្រោយការវាយប្រហារនោះ៕