
ការិយាល័យអគ្គរដ្ឋអាជ្ញានៃប្រទេសអ៊ុយក្រែន បានប្រកាសកាលពីថ្ងៃទី៣ ខែធ្នូ អំពីការចាប់ផ្តើមការស៊ើបអង្កេតមួយ បន្ទាប់ពីការចេញផ្សាយវីដេអូដែលបង្ហាញពីទាហានរុស្ស៊ី បានបាញ់សម្លាប់ទាហានអ៊ុយក្រែនពីរនាក់ ដែលបានចុះចាញ់។
របាយការណ៍បឋមពីការិយាល័យអគ្គរដ្ឋអាជ្ញា បានឲ្យដឹងថា ឧប្បត្តិហេតុនេះ បានកើតឡើង នៅជិតប៉ុស្តិ៍សង្កេតការណ៍មួយ នៅជិតភូមិ Stepove ស្រុក Pokrovsk តំបន់ដូណិតស្ក៍។
សេចក្តីថ្លែងការណ៍ បានសរសេរថា៖«វីដេអូបង្ហាញមនុស្សមួយក្រុមក្នុងឯកសណ្ឋានរុស្ស៊ី បានបាញ់សម្លាប់ទាហានគ្មានអាវុធពីរនាក់ នៅក្នុងឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ដែលកំពុងចុះចាញ់។
«ឥឡូវនេះ ក្រុមអ្នកស៊ើបអង្កេត និងរដ្ឋអាជ្ញា បានបើកការស៊ើបអង្កេតលើករណីនេះ»។