
ក្រុមមន្ត្រីគ្រោះមហន្តរាយបាននិយាយនៅថ្ងៃច័ន្ទ (០៤ ធ្នូ) នេះថា គ្រោះការរញ្ជួយដ៏ខ្លាំងក្លាជាច្រើនដងដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣នាក់ និងការរញ្ជួយថ្មីមួយនៅភាគខាងត្បូងប្រទេសហ្វីលីពីន កំពុងបង្ខំឱ្យអ្នកស្រុករាប់ពាន់នាក់ស្នាក់នៅក្នុងមជ្ឈមណ្ឌលជម្លៀស។
លោក អាឡិច អារ៉ាណា (Alex Arana) ប្រធានទីភ្នាក់ងារគ្រោះមហន្តរាយខេត្ត សុរីហ្គាវ ឌែលសួរ (Surigao del Sur) បានប្រាប់ស្ថានីយវិទ្យុ DZBB ថា «យើងមានការភ័យខ្លាចខ្លាំងណាស់រហូតមកដល់ពេលនេះ ដោយសារការរញ្ជួយដី»។ ខេត្តជាប់មាត់សមុទ្រដែលលោកស្នាក់នៅ គឺនៅជិតបំផុតទៅនឹងចំណុចកណ្តាលនៃការរញ្ជួយដីកម្រិត ៧,៤រ៉ិចទ័រ ដែលបានវាយប្រហារកាលពីយប់ថ្ងៃសៅរ៍ ហើយត្រូវបានបន្តដោយការរញ្ជួយដីជាបន្តបន្ទាប់ ហើយនោះក៏ជាតំបន់ដែលរងការខូចខាតខ្លាំងជាងគេផងដែរ។
ទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថា គិតត្រឹមល្ងាចថ្ងៃអាទិត្យ មនុស្សជាង ១០៨.០០០នាក់ កំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលជម្លៀសចំនួន ១១៥ទីតាំង នៅខេត្ត សុរីហ្គាវ ឌែលសួរ។ ទីភ្នាក់ងាររញ្ជួយដីហ្វីលីពីនបានរាយការណ៍ថា គ្រោះរញ្ជួយដីកម្រិត ៦,៨រ៉ិចទ័រ ដែលមានជម្រៅ ១គីឡូម៉ែត្រ បានវាយប្រហារកោះមីនដាណាវ (Mindanao) នៃប្រទេសហ្វីលីពីន នៅព្រឹកព្រលឹមថ្ងៃច័ន្ទនេះ។
ក្រុមមន្ត្រីបាននិយាយថា រញ្ជួយដីនោះមិនមែនជាផ្នែកមួយនៃគ្រោះរញ្ជួយដីកម្រិត ៧,៤រ៉ិចទ័រនោះទេ និងមានការរញ្ជួយដីប្រហែល ១.៧០០ដង។ រញ្ជួយដី គឺជារឿងធម្មតានៅក្នុងប្រទេសហ្វីលីពីន ដែលស្ថិតនៅលើ «តំបន់កងភ្លើង» ដែលជាខ្សែក្រវាត់នៃភ្នំភ្លើងជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក ហើយងាយនឹងមានសកម្មភាពរញ្ជួយដី៕