
នៅថ្ងៃចន្ទនេះ ភ្លៀងធ្លាក់ខ្លាំង បានជន់លិចដងផ្លូវនៅក្នុងទីក្រុង Chennai (ឆេនណៃ) ស្ថិតនៅភាគខាងត្បូងប្រទេសឥណ្ឌា ស្របពេលដែលក្រុមអាជ្ញាធរ បានបិទសាលារៀន ការិយាល័យធុរកិច្ច បញ្ឈប់ជើងហោះហើរ ហើយនិងជម្លៀសមនុស្សរាប់ម៉ឺននាក់ចេញពីតំបន់ឆ្នេរ មុនពេលដែលព្យុះស៊ីក្លូនដ៏ខ្លាំងក្លា Michaung ត្រូវបានគេរំពឹងថានឹងបោកបក់ដល់ដីគោក នៅក្នុងរយៈពេល ២៤ម៉ោងទៀតនេះ ។
ក្រុមមន្រ្តីនៅរដ្ឋទាំង ២និយាយថា ក្រុមអាជ្ញាធរនៅក្នុងរដ្ឋ Tamil Nadu និងរដ្ឋជិតខាង Andhra Pradesh បានស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់សម្រាប់ការខូចខាត ក្នុងនោះការព្រមានត្រូវបានចេញសម្រាប់ក្រុមប្រជានេសាទ ថាមិនត្រូវធ្វើដំណើរចូលក្នុងសមុទ្រជាដាច់ខាត ។
សារព័ត៌មានក្នុងស្រុករាយការណ៍ថា អាកាសយានដ្ឋានក្រុងឆេនណៃ បានបញ្ឈប់ប្រតិបត្តិការរយៈពេល ២ម៉ោងនៅព្រឹកថ្ងៃចន្ទនេះ ក្រោយមានភ្លៀងធ្លាក់ខ្លាំង ហើយជើងហោះហើរជាច្រើនវ៉ុល ត្រូវបានលុបចោល ឬបង្វែរទិសដៅទៅកាន់ទីក្រុងផ្សេងទៀត ។
រូបភាពវីដេអូឃ្លីប ឃើញយន្តហោះក្រុមហ៊ុនអាកាសចរណ៍ IndiGo ចតនៅលើផ្លូវ ក្នុងពេលមានភ្លៀងធ្លាក់ ខណៈអ្នកដំណើរដែលជាប់គាំងដំណើរ បានឈររង់ចាំ។ មនុស្សជាច្រើន ត្រូវបានគេមើលឃើញកំពុងតម្រង់ជួរនៅកន្លែងឆែកសំបុត្រ និងកន្លែងពិនិត្យផងដែរ ។
ការិយាល័យឧតុនិយមឥណ្ឌា និយាយថា ព្យុះស៊ីក្លូន Michaung ត្រូវបានគេរំពឹងថា នឹងបោកបក់ដល់ដីគោកនៅតំបន់ឆ្នេររដ្ឋ Andhra Pradesh នាព្រឹកថ្ងៃអង្គារស្អែកនេះ ជាមួយនឹងកម្លាំងខ្យល់បក់ចន្លោះពី ៩០ ទៅ ១០០គ.មក្នុង ១ម៉ោង និងសន្ទុះខ្យល់បក់ ១១០គ.មក្នុង ១ម៉ោង ៕