
មន្ទីរបច្ចកោណ និយាយថា ខ្លួនបានដឹងសេចក្តីរាយការណ៍ពាក់ព័ន្ធនឹងការវាយប្រហារលើនាវាចម្បាំងសហរដ្ឋអាមេរិក និងនាវាពាណិជ្ជកម្មនៅក្នុងសមុទ្រក្រហមកាលពីថ្ងៃអាទិត្យ ស្របពេលដែលក្រុមឧទ្ទាមហ៊ូធីរបស់យេម៉ែន បានបញ្ជាក់ពីការវាយប្រហារដោយយានដ្រូន និងមីស៊ីល លើនាវាអ៊ីស្រាអែល ២គ្រឿងនៅក្នុងតំបន់នោះ ។
ក្រុមចលនាហ៊ូធីរបស់យេម៉ែន និយាយថា កងទ័ពជើងទឹករបស់ខ្លួន បានវាយប្រហារលើនាវាអ៊ីស្រាអែល ២គ្រឿង គឺនាវា Unity Explorer និងនាវា Number Nine ដោយប្រើប្រាស់យានដ្រូនប្រដាប់អាវុធ និងមីស៊ីលរបស់កងទ័ពជើងទឹក យេម៉ែន ។
អ្នកនាំពាក្យរបស់ក្រុមឧទ្ទាមមួយនេះ និយាយថា នាវា ២គ្រឿង បានក្លាយជាគោលដៅនៃការវាយប្រហារ ក្រោយពួកគេច្រានចោលការព្រមាន ប៉ុន្តែពួកគេពុំបានបរិយាយអ្វីច្រើននោះទេ ។
អ្នកនាំពាក្យ និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហារនេះ គឺដើម្បីឆ្លើយតបនឹងការទាមទាររបស់ប្រជាពលរដ្ឋយេម៉ែន និងការអំពាវនាវពីបណ្តាប្រទេសអ៊ីស្លាមឲ្យឈរខាងជនប៉ាឡេស្ទីន ។
ឧបទ្ទេវហេតុរាយការណ៍នេះដែរ បានកើតមានឡើង ក្រោយការវាយប្រហារជាបន្តបន្ទាប់នៅក្នុងដែនទឹកមជ្ឈិមបូព៌ា ចាប់តាំងពីសង្រ្គាមផ្ទុះឡើងរវាងអ៊ីស្រាអែល និងក្រុមជីវពលប៉ាឡេស្ទីនហាម៉ាស់ កាលពីថ្ងៃទី ៧ ខែតុលាកន្លងទៅ ៕